(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ហៅកាត់ថា AIA Cambodia ថ្មីនេះនេះទើបសម្ពោធសាខានៅតាមបណ្តាខេត្តចំនួន ៣ គឺ កំពង់ចាម បាត់ដំបង និង កំពត។

បន្ទាប់ពីបានចូលមកទីផ្សារកម្ពុជាពីឆ្នាំ២០១៧ ក្រោយទទួលបានអាជ្ញាប័ណ្ណជាផ្លូវការ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អេ អាយ អេ (ខេមបូឌា) បានបន្តការពង្រីកដ៏គួរឲ្យកត់សម្គាល់នេះ។ ការពង្រីកសាខាថ្មីទាំង ៣ នេះ ដើម្បីផ្តល់ជូនសេវាកម្មធានារ៉ាប់រងអាយុជីវិត ឲ្យកាន់តែមានភាពងាយស្រួល និងស្របតាមតម្រូវការប្រជាជនកម្ពុជាទូទាំងប្រទេស។

កម្មវិធីសម្ពោធនេះ ត្រូវបានធ្វើឡើយតាមប្រព័ន្ធ ឌីជីថល និងប្រារព្ធឡើងនៅទីតាំង ៤ ផ្សេងគ្នា ស្របពេលតែមួយ ដោយទីតាំងប្រារព្ធកម្មវិធីធំ ត្រូវបានធ្វើឡើងនៅសណ្ឋាគាររ៉ូសវូដ ក្នុងរាជធានីភ្នំពេញ ក្រោយអធិបតីភាពរបស់លោក ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ព្រមជាមួយនឹងវត្តមានពី ប្រតិភូរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាគមធានារ៉ាប់រងនៃប្រទេសកម្ពុជា ដៃគូអាជីវកម្ម និងនាយកប្រតិបត្តិជាន់ខ្ពស់របស់អេ អាយ អេ។

លោក ម៉ី វ៉ាន់ បានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់ អេ អាយ អេ(ខេមបូឌា) នៅទូទាំងប្រទេស ហើយបន្តថា «តាមរយៈការសម្ពោធសាខា អេ អាយ អេ ទាំង ៣ នេះ ខ្ញុំជឿជាក់ថានេះជាឯកសិទ្ធិផលថ្មីមួយសម្រាប់ប្រជាជនដែលរស់នៅក្នុងតំបន់នោះ ដើម្បីអាចទទួលបានសេវាធានារ៉ាប់រងអាយុជីវិត ដែលជាចំណែកមួយយ៉ាងសំខាន់ ក្នុងការផ្តល់ជូនសុវត្ថិភាពហរិញ្ញវត្ថុ»

លោក Tan Hak Leh អគ្គនាយកប្រចាំតំបន់របស់ អេ អាយ អេ ដែលបានចូលរួមកម្មវិធីតាមអនឡាញពី ប្រទេសសិង្ហបុរី បានថ្លែងថា «ជាង ១០០ ឆ្នាំមកហើយដែល អេ អាយ អេ បានផ្តល់សេវាកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រកបដោយមោទនភាព ការយកចិត្តទុកដាក់ ភាពឧស្សាហ៍ព្យាយាម និងការ ផ្តល់ជូនសេវាកម្មពិសេស។ តាមរយៈការទទួលបាន IPO ក្នុងឆ្នាំ ២០១០ អេ អាយ អេ បានក្លាយខ្លួនជាក្រុមហ៊ុនធានារ៉ាប់រង ដែលធំជាងគេបំផុតក្នុងពិភពលោក។ ទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ ១៩ យ៉ាងណាក្តី អេ អាយ អេ នៅតែមានសុទិដ្ឋិនិយមអំពីអនាគតរបស់ប្រទេសកម្ពុជា និងវត្តមានរបស់ អេ អាយ អេ នៅទីនេះ។ ហេតុផលនេះហើយ ដែលនាំឲ្យ អេ អាយ អេ ថ្ងៃនេះមានមោទនភាពធ្វើការសម្ពោធសាខារហូតដល់ ៣ដើម្បីបម្រើជូនប្រជាជនកម្ពុជា នៅកំពង់ចាម បាត់ដំបង និងកំពត ដោយមានគោលដៅដ៏មុតមាំក្នុងការផ្តល់ជូនសេវាកម្មធានារ៉ាប់រងអាយុជីវិតលំដាប់ថ្នាក់ពិភពលោកជូនប្រជាជនក្នុងតំបន់ទាំងនេះ»

យើងសង្កេតឃើញថា អេ អាយ អេ (ខេមបូឌា) មានសន្ទុះរីកលូតលាស់នៅក្នុងទីផ្សារកម្ពុជាតាមរយៈការផ្តល់ជូនផលិតផលឈានមុខ និងសមត្ថភាពក្នុងការផ្តល់ ជូនការការពារសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស ក្រោមការដឹកនាំរបស់លោកស្រី ធៀវ ផលីន អគ្គនាយិកាប្រតិបត្តិរបស់ អេ អាយ អេ(ខេមបូឌា)។

ថ្លែងក្នុងពិធីសម្ពោធនោះដែរ លោកស្រីអគ្គនាយិកាលើកឡើងថា «យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ចំពោះការបើកសម្ពោធសាខាថ្មីចំនួន ៣ បន្ថែមនៅកម្ពុជា ដែលព្រឹត្តិការណ៍ដ៏សំខាន់មួយ នេះ បានបង្ហាញពី ដំណើរនៃភាពរីកលូតលាស់យ៉ាងឆាប់រហ័សរបស់យើង។ បន្ទាប់ពីមានបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុន ក្នុងឆ្នាំ ២០២០ ពីជំងឺកូវីដ-១៩ យើងប្រកាន់ជំហរយ៉ាងមុតមាំក្នុងការចាប់ផ្តើមដំណើរការអាជីវកម្មឡើងវិញ ដើម្បីបន្តផ្តល់ជូននូវដំណោះស្រាយសេវាធានារ៉ាប់រងអាយុជីវិត ឈានមុខគេលើទីផ្សារដល់ប្រជាជននៅខេត្តកំពង់ចាម បាត់ដំបង និងកំពត»

សម្រាប់ពិធីសម្ពោធនេះដែរបានបន្ថែមឲ្យ អេ អាយ អេ (ខេមបូឌា) មានសាខាសរុបចំនួន ៤ បន្ទាប់ពីបានបើកដំណើរការសាខា ក្នុងខេត្តសៀមរាបកាលពីឆ្នាំមុន។ ក្នុងឆ្នាំ ២០២០ នេះ អេ អាយ អេ(ខេមបូឌា) បានបង្កើន និង ពង្រីកសមត្ថភាពរបស់ខ្លួន ឆ្ពោះទៅរកការគ្របដណ្តប់ទូទាំងប្រទេសកម្ពុជា។ អេ អាយ អេ (ខេមបូឌា) មានមោទនភាពក្នុងការការពារប្រជាជនកម្ពុជា ទូទាំងប្រទេសច្រើនជាងមុន៕