(ក្រុងឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធជើងថ្មី Dominic Calvert-Lewin រកបាន ១គ្រាប់ឲ្យក្រុមជម្រើសជាតិតោកំណាច អង់គ្លេសទៅលើជ័យជម្នះ ៣-០ នៃក្រុមជម្រើសជាតិវ៉េលក្នុងជំនួបមិត្តភាពអន្តរជាតិនារាត្រីថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០។

១គ្រាប់របស់កីឡាករមកពីក្លិប Everton ខាងលើនេះ គឺបានកើតឡើងនៅនាទីទី២៦ ដែលជាការបញ្ជូនបាល់ពីមិត្តរួមក្រុម Jack Grealish ដែលត្រូវបានជ្រើសរើសចេញពីក្លិបក្នុងស្រុក Aston Villa ផងដែរ មុនពេលសមាជិកថ្មី Coady និង Danny Ings បន្ថែមម្នាក់ ១គ្រាប់ដូចគ្នាក្នុងវគ្គទី២ នៅកីឡដ្ឋាន Wembley ដើម្បីបន្តកំណត់ត្រាឈ្នះលើកទី៦ ក្នុងចំណោមជួបគ្នា ៧ដងចុងក្រោយនេះ។

តែយ៉ាងណា វាក៏ជាគ្រាប់ដំបូងផងដែរសម្រាប់ Cavert-Lewin ក្រោយត្រូវបានអ្នកចាត់ការទូទៅ Gareth Southgate កោះហៅចូលជម្រើសជាលើកដំបូង បន្ទាប់ពីធ្វើបានហែតទ្រីក (៣គ្រាប់) ចំនួន ២ដងក្នុងក្លិប Everton នាដើមរដូវកាលថ្មីឆ្នាំ២០២០-២០២១ នេះ គម្រប់បាន ១០គ្រាប់ហើយទាំងក្នុងក្លិប និងជម្រើសជាតិអង់គ្លេស។

អង់គ្លេស នឹងបន្តបើកទ្វារកីឡដ្ឋាន Wembley ដើម្បីទទួលក្រុមខ្លាំងប៊ែលហ្ស៊ិក នារាត្រីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ជាបន្តទៀត នៃវគ្គសន្សំពិន្ទុប្រចាំក្រុម២ ពូល A នៃយុទ្ធនាការជើងឯកលីគអឺរ៉ុប UEFA Nations League 2020-2021៕