(អាយរេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន និងអ៊ុយរ៉ាហ្គាយ សុទ្ធតែរកបាន ៣ពិន្ទុពេញដូចគ្នាទៅលើគូប្រជែងអេក្វាទ័រ និងឈីលី នៅថ្ងៃបើកឆាកប្រកួតជម្រុះ World Cup 2022 ខាងប៉ែកតំបន់អាមេរិកឡាទីន។

១គ្រាប់ប៉េណាល់ទីរបស់កីឡាករប្រធានក្រុម Lionel Messi នៅនាទី១៣ ដើមវគ្គទី១ ធ្វើឲ្យក្រុមរងជើងឯក World Cup 2014 ដែលបានកំពុងដឹកនាំដោយលោក Lionel Scaloni រកបាន ៣ពិន្ទុសម្រាប់ការប្រកួតជើងទី១ ក្នុងទឹកដីរបស់ខ្លួន ក្នុងបេសកកម្មស្វែងរកកៅអី១ ដើម្បីទៅលេង World Cup 2022 នៅប្រទេសកាតា ២ឆ្នាំបន្ទាប់។

កីឡាករមានវ័យជាង ៣៣ឆ្នាំមកពីក្លិប FC Barcelona បានចាប់ដៃគូជាមួយ Lucas Ocampos ដែលត្រូវបានជ្រើសចេញពី Sevilla និងខ្សែប្រយុទ្ធ Lautaro Martinez មកពី Inter Milan ក្នុងតំណែងប្រយុទ្ធជួរមុខ គ្រាដែលមិត្តរួមក្រុមសំខាន់ Angel Di Maria និង Paulo Dybala ពុំមានឈ្មោះក្នុងជម្រើស ២៣នាក់ឡើយ។

រីឯអតីតម្ចាស់ជើងឯក World Cup មុនដំបូងគេកាលឆ្នាំ១៩៣០ អ៊ុយរ៉ាហ្គាយវិញ ក៏យកបាន ៣ពិន្ទុពីក្រុមភ្ញៀវឈីលីផងដែរ ក្នុងជ័យជម្នះ ២-១ ដើម្បីឡើងទៅឈរនៅកំពូលតារាងជាបណ្តោះអាសន្នក្នុងចំណោម ១០ប្រកួតប្រចាំនៅតំបន់អាមេរិកខាងត្បូង ក្រោយពេលប៉ារ៉ាហ្គាយ និងប៉េរូ បានត្រឹមម្នាក់ ១ពិន្ទុនៅថ្ងៃនេះដូចគ្នា នៅពេលបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២៕