(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ចំណាស់បំផុតមួយរបស់សហរដ្ឋអាមេរិកគឺ International Business Machines (IBM) កំពុងត្រៀមលក្ខណៈបំបែកខ្លួនចេញជាក្រុមហ៊ុនពីរផ្សេងគ្នា ដើម្បីបង្វែរគំរូអាជីវកម្មរបស់ខ្លួនទៅផ្តោតលើបច្ចេកវិទ្យា Cloud Computing ដែលកាន់តែមានទីផ្សាររីកធំឡើងៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២០។
នៅត្រឹមចុងឆ្នាំ២០២១ ក្រុមហ៊ុន IBM នឹងចុះបញ្ជីអង្គភាពសេវាកម្មហេដ្ឋារចនាសម្ព័ន្ធ IT របស់ខ្លួន ដែលផ្តល់សេវាគាំទ្រផ្នែកបច្ចេកទេសដល់៤,៦០០អតិថិជន នៅតាមប្រទេសសរុបចំនួន១១៥ នោះ ទៅជាក្រុមហ៊ុនដាច់ដោយឡែកជាមួយឈ្មោះថ្មីមួយ។ បើតាមលោក ជែម ខាវ៉ាណាហ្វ (James Kavanaugh) នាយកហិរញ្ញវត្ថុរបស់ IBM ក្រុមហ៊ុនថ្មីនោះ នឹងមានបុគ្គលិក៩០,០០០នាក់ ហើយរចនាសម្ព័ន្ធថ្នាក់ដឹកនាំរបស់ក្រុមហ៊ុននោះ នឹងត្រូវសម្រេចក្នុងរយៈពេលប៉ុន្មានខែខាងមុខ។
ក្រុមហ៊ុន IBM ដែលបច្ចុប្បន្នមានបុគ្គលិកច្រើនជាង៣៥២,០០០នាក់ រំពឹងថានឹងចំណាយយ៉ាងហោច៥ពាន់លានដុល្លារ ពាក់ព័ន្ធទៅនឹងការបំបែកក្រុមហ៊ុន និងការផ្លាស់ប្តូរប្រតិបត្តិការរបស់ខ្លួន។ តាមរយៈការបំបែកខ្លួនជាពីរនេះ ក្រុមហ៊ុន IBM នឹងងាកទៅផ្តោតលើបច្ចេកវិទ្យា Cloud Computing និង AI Solution ដែលកំពុងកាន់តែមានទីផ្សាររីកលូតលាស់ខ្លាំងវិញ។
គួរជម្រាបថា ក្រុមហ៊ុន IBM ត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ១៩១១មកម្ល៉េះ ដោយគិតមកទល់ពេលនេះ គឺមានអាយុ១០៩ឆ្នាំហើយ ខណៈ IBM ធ្លាប់បានផ្តោតអាជីវកម្មលើបច្ចេកវិទ្យាជាច្រើននាពេលកន្លងមក រួមមានផ្នែកបណ្តាញ Network, ផ្នែកផលិតកុំព្យូទ័រ និងគ្រឿងបរិក្ខា Hardware ព្រមទាំងផ្នែក Semiconductor ជាដើម៕