(សៅប៉ូឡូ)៖ បញ្ហារបួសខ្នងដែលទទួលរងនៅអំឡុងហ្វឹកហាត់ ធ្វើឲ្យ Neymar មានភាពមិនច្បាស់ក្នុងជំនួបដែលសាំបាប្រេស៊ីលត្រូវប៉ះបូលីវី ក្នុងវគ្គជម្រុះ FIFA World Cup 2022 នាព្រឹកស្អែកនេះ ប្រចាំតំបន់អាមេរិកឡាទីន (ម៉ោងនៅកម្ពុជា)។

លោក Tite គ្រូបង្វឹកប្រេស៊ីលបានថ្លែងប្រាប់គេហទំព័រកីឡា Live Score ថា «យើងបានកំពុងទន្ទឹងរង់ចាំការពិនិត្យចុងក្រោយពីក្រុមវេជ្ជបណ្ឌិត ហើយប្រសិនបើមិនអាចទេ នោះខ្សែប្រយុទ្ធ Everton Rebeiro របស់ក្លិប Flemengo នឹងត្រូវដាក់ចូលលេងជំនួសវិញ»។

លោក Tite ក៏បានបញ្ជាក់ដែរថា ប្រេស៊ីលក៏អវត្តមានកីឡាករចាំទីដៃទី១ Alisson Becker និងខ្សែប្រយុទ្ធ Gabriel Jesus នៃជំនួបដែលត្រូវប៉ះបូលីវី និងប៉េរូនៅថ្ងៃទី១០ និងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។

កីឡាករខ្សែបម្រើ Casemiro មកពីក្លិប Real Madrid នឹងដើរតួជាប្រធានក្រុមជំនួស Dani Alves ដែលមានបញ្ហារបួស គ្រាដែល Weverton និង Douglas Luiz នឹងមានឱកាសបង្ហាញខ្លួនសម្រាប់ ១ប្រកួតនៃវគ្គជម្រុះ World Cup ឆ្នាំ២០២២ ដែលមានកាតាត្រៀមធ្វើម្ចាស់ផ្ទះ៕