(ភ្នំពេញ)៖ បទចម្រៀងបែបប្រពៃណីខ្មែរមួយបទ ដែលទើបនឹងចេញ Official Audio កាលពីប៉ុន្មានថ្ងៃមុននេះ បទ «បុណ្យកឋិនទាន» ពេលនេះបានចេញជា MV ផ្លូវការហើយ ដែលខាងផេកផលិតកម្មរស្មីហង្សមាស ទើប នឹងបង្ហោះព្រឹកមិញក្តៅៗ។

ជាទីចាប់អារម្មណ៍ណាស់ទៅហើយ ដែលបានបកស្រាយពីកំពូលតារាចម្រៀងប្រុសស្រីប្រចាំប្រទេស គឺ លោក ខេមរៈ សិរីមន្ត និងអ្នកនាង ឱក សុគន្ធកញ្ញា នោះ តែអ្វីដែលរឹតតែពិសេសនឹងអស្ចារ្យនោះ គឺមួយបទនេះ បានរៀបចំឡើងយ៉ាងល្អឥតខ្ចោះគ្រប់យ៉ាង ល្អឥតខ្ចោះ ត្រូវចំទំរង់ប្រពៃណីខ្មែរ ដោយមានទាំងរបាំសម្តែងផ្ទាល់ ពីកំពូលតារាចម្រៀងរបស់យើងថែមទៀតផង។

របាំជាច្រើនប្រភេទត្រូវបានត្របាញ់រួមបញ្ចូលនៅក្នុង MV មួយបទនេះ ជាការលើកស្ទួយរបាំខ្មែរដ៏ល្អ ដែលគួរយកគំរូតាម។ រូបបភាព ភ្លឺច្បាស់ត្រជាក់ភ្នែក ការរៀបចំរចនាយ៉ាងល្អឯង គ្រប់យ៉ាងគឺទាក់អារម្មណ៍ ឆក់យកបេះដូងអ្នកទស្សនា មិនតែប៉ុណ្ណោះ គឺទស្សនាហើយមានអារម្មណ៍ជ្រះថ្លាចង់ធ្វើបុណ្យតែម្តង។

រូបភាពបែបនេះហើយ ដែលអ្នកគាំទ្រចង់បាន ទោះសម័យកាលផ្លាស់ប្តូរជឿនលឿនយ៉ាងណា ក៏មិនចោលបទបុរាណដែលជាវប្បធម៌សិល្បៈតំណាងជាតិខ្មែរ។

តាំងពីដើមមក គឺមានតែផលិតកម្មរស្មីហង្សមាសតែមួយគត់ ដែលអាចផលិតបទចម្រៀងបែបប្រពៃណីត្រូវចំក្បួនខ្នាត និងមានគុណភាពល្អវិសេសបែបនេះ ហើយពិតជាគួរឲ្យស្ញើចសរសើរផងដែរ ដែលផលិតកម្មនាំមុខគេក្នុងប្រទេសមួយនេះ តែងតែប្រកាន់ខ្ជាប់នូវការផលិតបទចម្រៀង បែបប្រពៃណីទៅតាមរៀងរាល់បុណ្យជាតិធំៗ មិនដែលរំលងឡើងតាំងពីដើមមក។

អ្វីដែលកាន់តែពិសេស ចំពោះរដូវកាលបុណ្យកឋិនទានឆ្នាំ ២០២០នេះ ផលិតកម្មរស្មីហង្សមាស ត្រូវបានគេទម្លាយឲ្យដឹងថា បានចាយវាយទុនខ្នាតយក្សតែម្តង ដើម្បីផលិតបទចម្រៀងប្រពៃណីខ្មែរ អបអរពីបុណ្យកឋិនទាននេះ ដែលមានការប្រមូលផ្តុំដោយសិល្បករច្រើនជំនាន់គ្រប់ទំរង់រាប់រយនាក់ មកជុំគ្នាតែម្តង៕