(ភ្នំពេញ)៖ ក្រុមហ៊ុន LG Electronics និងក្រុមហ៊ុន G Gear Group ( ជីហ្គៀ គ្រុប ) នៅល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ បានរៀបចំកម្មវិធី LG VIP Gathering 2020 ដើម្បីជួបជុំដៃគូអាជីវកម្ម និងណែនាំពីផលិតផលថ្មីសម្រាប់ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក Sung Suk Kim អគ្គនាយករបស់ក្រុមហ៊ុន LG Electronices ប្រចាំកម្ពុជា និងលោកឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន G Gear Group និងមានការចូលរួមពីដៃគូរអាជីវកម្មជាច្រើន នៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់។
កម្មវិធី LG VIP Gathering 2020 នេះ គឺរៀបចំឡើងដើម្បីថ្លែងអំណរគុណដល់ដៃគូអាជីវកម្ម ដែលបានសហការណ៍កន្លងមកក្នុងការជំរុញនៅផលិតផលម៉ាកសញ្ញា LG ក្នុងទីផ្សារប្រទេសកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ ព្រមទាំងចែករំលែកនូវបទពិសោធន៍ ក៏ដូចជាយុទ្ធសាស្ត្រទីផ្សារមួយចំនួនក្នុងសម័យកាលកូវីដ19 ផងដែរ។
កម្មវិធីនេះក៏មានការដាក់តាំងបង្ហាញនៅផលិតផលស៊េរីថ្មី ជាមួយបច្ចេកវិទ្យាចុងក្រោយគេបង្អស់សំរាប់ឆ្នាំ២០២០នេះមានដូចជា៖
ទី១៖ ទូរទស្សន៍ LG OLED ស៊េរី GX ជាទូរទស្សន៍ស៊េរីថ្មីម៉ូដែល OLED បានរចនាឡើងដើម្បីឱ្យសមស្របទៅនឹងរបៀបរស់នៅរបស់អតិថិជនសម័យទំនើប ដោយផ្តល់ នូវលទ្ធភាពកាន់តែច្រើនក្នុងការរៀបចំកន្លែងរស់នៅរបស់អតិថិជនឱ្យកាន់តែងាយស្រួល។ ទូរទស្សន៍ LG OLED ស៊េរី GX គួរឱ្យភ្ញាក់ផ្អើលជាមួយកំរិតរូបភាពដ៏ច្បាស់ ត្រជាក់ភ្នែករហូតដល់ ១០០លាន Self- LIT Pixels ដែលធ្វើឱ្យអ្នកទស្សនាកាន់តែជក់ចិត្តដិតអារម្មណ៍ និងកាន់តែដូចពិតៗ។
ទី២៖ ម៉ាស៊ីនបោកគក់ ជាមួយបច្ចេកវិទ្យា AI DD ដែលមានអត្ថប្រយោជន៍អាចផ្តល់ជូននូវការសំអាតយ៉ាងល្អ និងមានប្រសិទ្ធភាពខ្ពស់ដោយកំណត់នូវទំងន់ និងប្រភេទ សាច់ក្រណាត់នីមួយៗ ដើម្បីផ្តល់នូវលទ្ធផលបោកគក់បានលឿន និងប្រសើរជាងមុនសម្រាប់ការថែរក្សាសម្លៀកបំពាក់ឱ្យនៅតែស្អាតថ្មី១៨% ហើយវានឹងជ្រើសរើស ចលនានៃការបោកគក់ល្អបំផុត សម្រាប់សម្លៀកបំពាក់ដោយខ្លួនឯងមិនចាំបាច់ស្មុគស្មាញ ក្នុងការជ្រើសរើសមុខងារក្នុងការបោកគក់ទៀតនោះទេ។
បច្ចេកវិទ្យា LG SteamTH ជួយបំបាត់អាឡែកហ្សីរហូតដល់៩៩.៩% ដូចជាធូលីតូចៗដែលនៅជាប់នឹងសាច់ក្រណាត់ដែលអាចបង្កឱ្យមានអាឡែកហ្សី ឬបញ្ហាផ្លូវដង្ហើម និងជួយកាត់បន្ថយស្នាមជ្រួញលើសម្លៀកបំពាក់បានរហូតដល់៣០% ។ មុខងារ TurboWash™360º នឹងផ្ដល់ឱ្យការបោកគក់សម្លៀកបំពាក់បានស្អាត និងជួយកាត់បន្ថយ ការខូចសាច់ក្រណាត់ហើយលឿនក្នុងរយៈពេលត្រឹមតែ ៣៩នាទីប៉ុណ្ណោះ។
ទី៣៖ ម៉ាស៊ីនត្រជាក់ ជាមួយប្រព័ន្ធបន្សុទ្ធខ្យល់នៅក្នុង (PM 1.0 Smart Sensor)៖ ម៉ាស៊ីនត្រជាក់ស៊េរីថ្មីនេះ មានបំពាក់មកជាមួយអេក្រង់ LED សញ្ញាពណ៌ដែលធ្វើ ឱ្យដឹងថា នៅក្នុងបន្ទប់មានធូលីមិនល្អដល់កំរិតណា ហើយនៅពេលម៉ាស៊ីនត្រជាក់ចាប់បានថាមានខ្យល់មិនល្អ និងមានធូលីដីច្រើននៅក្នុងបរិយាកាសនៅក្នុងបន្ទប់នោះ ម៉ាស៊ីនត្រជាក់នឹងចាប់ផ្តើមដំណើរការត្រួតពិនិត្យ ចាប់យកធូលីដី ដែលមាននៅក្នុងខ្យល់ទាំងអស់នេះ ហើយវាធ្វើការចម្រោះខ្យល់ (បន្សុទ្ធខ្យល់) ទាំងនោះហើយបញ្ចេញ មកវិញនៅខ្យល់អាកាសយ៉ាងបរិសុទ្ធ។
ទី៤៖ ទូរទឹកកក Instra View មានមុខងារទំនើបច្រើន និងឈានមុខគេបង្អស់ ហើយពេញនិយមសម្រាប់គេហដ្ឋានសម័យថ្មី អ្វីដែលកាន់អស្ចារ្យបំផុតនោះគឺបច្ចេកវិទ្យាទ្វារ នៅក្នុងទ្វារ ដែលជួយសន្សំសំចៃភ្លើងបានយ៉ាងច្រើន។ ជាមួយមុខងារ Linear Cooling គឺជួយរក្សាភាពត្រជាក់បាន ២៤ម៉ោង និងរក្សាសីតុណ្ហភាពថេរក្នុងទូរទឹកកក និងត្រជាក់សព្វគ្រប់កន្លែងទាំងអស់នៃផ្នែកខាងក្នុងនៃទូរទឹកកកទាំងមូល វាពិតជាធ្វើឱ្យអតិថិជនទទួលបាននូវម្ហូបអាហារ បន្លែ ផ្លែឈើ ស្រស់ៗដូចធម្មតាពិតៗ។
សូមបញ្ជាក់ថា នៅក្នុងកម្មវិធី LG VIP Gathering 2020 ក៏មានរៀបចំកម្មវិធីចាប់រង្វាន់ផ្សងសំណាងជាច្រើនសន្ធឹកសន្ធាប់រហូតដល់ ១០0រង្វាន់ ជូនដល់ដៃគូអាជីវកម្ម ទាំងអស់ក្នុងប្រទេសកម្ពុជា ដើម្បីជាការលើកទឹកចិត្តនិងជួយគាំទ្រជំរុញផលិតផល LG នៅលើទីផ្សារគ្រឿងអេឡិចត្រូនិចឱ្យមានសន្ទុះនៅ ក្នុងប្រទេសកម្ពុជាផងដែរ៕