(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២០ នៅសល់តែ ២សប្ដាហ៍ប៉ុណ្ណោះ នឹងបញ្ចប់ហើយ។ ប៉ុន្ដែតំណែងជើងឯក អាចនឹងរកឃើញក្នុងសប្ដាហ៍នេះ ប្រសិនបើក្លិបបឹងកេត និងវិសាខា ដណ្ដើមបានជ័យជម្នះរៀងខ្លួន ក្នុងការប្រកួតសប្ដាហ៍ទី១៨ នាល្ងាចថ្ងៃទី១១ ខែតុលាស្អែក។

ចំពោះកម្មវិធីប្រកួតស្អែកនេះ មានគូជក់ចិត្ត ៣ប្រកួត ដែលជាបេក្ខភាព Top-6 ត្រូវប្រកួតក្នុងម៉ោងដំណាលគ្នា តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺការប្រកួតរបស់ក្រុមបេក្ខភាពដណ្ដើមជើងឯក ២ក្រុមរួមមានក្រុមបឹងកេត ប៉ះក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទទ(ទ័ព) នៅកីឡដ្ឋានស្ដាតចាស់ និងក្រុមព្រះខ័នរាជស្វាយរៀង ជួបក្រុម្ចាស់ផ្ទះវិសាខា នៅកីឡដ្ឋានព្រីនស៍។

បច្ចុប្បន្នបឹងកេត កំពុងឈរកំពូលតារាង និងមាន ៣៧ពិន្ទុ ខណៈព្រះខ័នរាជស្វាយរៀង ឈរលេខ២ និងមាន ៣៥ពិន្ទុ។ ដូច្នេះប្រកួតស្អែកនេះ បើសិនបឹងកេតយកឈ្នះក្រុមទ័ព ហើយព្រះខ័នរាជស្វាយរៀង មិនអាចដណ្ដើមបាន ៣ពិន្ទុពីវិសាខាទេនោះ តំណែងជើងឯកនឹងបានទៅក្រុមបឹងកេតតែម្ដង។ តែបើក្រុមទាំងពីររកបាន ៣ពិន្ទុដូចគ្នា តំណែងជើងឯកនឹងត្រូវកាត់សេចក្ដី នាប្រកួតសប្ដាហ៍ចុងក្រោយ។

សម្រាប់ ១ប្រកួតចុងក្រោយរបស់បេក្ខភាពដណ្ដើមជើងឯកទាំង ២ក្រុមវិញរួមមានក្រុមបឹងកេត ត្រូវជួបក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ខណៈក្រុមព្រះខ័នរាជស្វាយរៀង ត្រូវបើកទ្វារផ្ទះស្វាគមន៍ក្រុមណាហ្គាវើលដ៏ នាថ្ងៃទី២៥ ខែតុលាខាងមុខ។ ប៉ុន្ដែមុនឈានដល់ការប្រកួតនេះ ភ្នំពេញក្រោន និងណាហ្គា​ក៏ត្រូវជួបគ្នា ដើម្បីស្វែងរកពិន្ទុបន្ថែម និងប្រជែងចំណាត់ថ្នាក់ល្អក្នុងចំណោមក្រុម Top-6 នាថ្ងៃស្អែកនេះដែរ៕