(ភ្នំពេញ)៖ ជាគំរូដ៏ល្អ និងក្នុងនាមជាអ្នកជំនួញមួយរូប ស្រឡាញ់រាជធានីភ្នំពេញ ចង់រួមចំណែកចូលរួមដោះស្រាយបញ្ហាសំរាម លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ចេញឡានបែនដឹកដីជាង ១០០គ្រឿង ដើម្បីដោះស្រាយបញ្ហា ចំពោះមុខជាមួយសាលារាជធានីភ្នំពេញ។ មិនតែប៉ុណ្ណោះ លោកឧកញ៉ាបានចុះផ្ទាល់ជាមួយកម្មករ ពាក់ស្បែកជើងផ្ទាត់ ចុះជួយប្រមូលសំរាមតាមផ្លូវ យ៉ាងសាមញ្ញបំផុត។ នេះបើតាមការបង្ហោះ ផ្លូវការលើផេក របស់លោកឧកញ៉ាផ្ទាល់។

រថយន្តបែនដឹកដីជាង ១០០គ្រឿងនោះ ត្រូវបានគេដឹងថា បានធ្វើប្រតិបត្តិការបានចំនួន ២ថ្ងៃ ហើយដែលបច្ចុប្បន្ន កំពុងតែសម្រុកដឹកចេញពីផ្សារនាគមាស ផ្សារកាណាស៊ីធី ព្រមទាំង ទីតាំងប្រឈមជាច្រើនទៀត ក្នុងរាជធានីភ្នំពេញ។ អ្វីដែលជាការចាប់អារម្មណ៍នោះថ្ងៃ ទី១០ ខែតុលា ឆ្នាំ ២០២០ នេះ គឺជាថ្ងៃខួបកំណើតគម្រប់៣៣ឆ្នាំ របស់លោកឧកញ៉ាតែម្ដង។ ប៉ុន្តែលោកឧកញ៉ា បានចុះផ្ទាល់ជាមួយកម្មករពាក់ស្បែកជើងផ្ទាត់ ចុះជួយប្រមូលសំរាមតាមផ្លូវ យ៉ាងសាមញ្ញបំផុត។

ជាមួយគ្នានោះដែរ លោកឧកញ៉ាក៏បានផ្ដាំផ្ញើទៅបងប្អូនទាំងអស់ ក្នុងរាជធានីភ្នំពេញ សូមមេត្តាយោគយល់ និងអធ្យាស្រ័យ ជុំវិញបញ្ហាសំរាម ខណៈដែលសាលារាជធានីកំពុងប្រឹងប្រែងណាស់លើបញ្ហានេះ ហើយក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រាគ្រុប និងជួយស្វែងរកដំណោះស្រាយក្នុងការប្រមូល ឲ្យបានល្អបំផុតទៅតាមអ្វីដែលអាចធ្វើបាន៕