(ភ្នំពេញ)៖ បទចម្រៀងបែបប្រពៃណីខ្មែរមួយបទទៀត របស់ផលិតកម្មរស្មីហង្សមាស ដែលទើបនឹងចេញ MV ក្តៅៗយប់មិញនេះ មានចំណងជើងថា «អានិសង្សកឋិនទាន» បកស្រាយប៉ះគ្នា ដោយតារាចម្រៀងលំដាប់ប្រទេសជាច្រើនរូប មានដូចជា លោក ឆន សុវណ្ណរាជ, លោក ណុប បាយ៉ារិទ្ធ, អ្នកនាង សុគន្ធ នីសា, កញ្ញា ផន ស្រីខួច និងតារាចម្រៀងចាស់វស្សា ដ៏មានទេពកោសល្យលោក ណយ វណ្ណណេត និងអ្នកនាង ខាត់ សុឃីម ផងដែរ។
MV ថ្មីទស្សនាឡើងត្រជាក់ភ្នែក រៀបរាប់ពីបុណ្យកឋិនទាន ដែលបានប្រគំឡើងដោយឧបករណ៍ខ្មែរ បុរាណជាច្រើនប្រភេទ និងតាក់តែងទំនុកច្រៀងដោយលោក ហ៊ុន ហេង ដែលជាបុគ្គលមួយរូប ត្រូវបានទស្សនិកជនទូទាំងប្រទេស ទទួលស្គាល់ពីទឹកដៃនិពន្ធទំនុកច្រៀងដ៏ល្អឯក។
នៅក្នុងនោះ គេសង្កេតឃើញថា បានរួមបញ្ចូលបទចម្រៀងបែបចាប៉ីឆ្លើយឆ្លង និងមិនត្រឹមតែឧបករណ៍ខ្មែរបុរាណជាច្រើនប្រភេទប៉ុណ្ណោះទេ យើងក៏ឃើញមាននូវគ្រឿង សក្ការៈប្រណីតៗច្រើន ហើយមានទាំងការដង្ហែក្បួនឆៃយ៉ាំទៀតផង និយាយរួមគឺពិតជាទស្សនីយភាពកម្រ និងមានផលិតកម្មផលិតបទចម្រៀងណាអាចធ្វើបាន ហើយបើគិតពីទុនផលិត ប្រាកដជាមិនតិចឡើយ។
និយាយរួមបទចម្រៀង សម្រាប់បុណ្យកឋិនរបស់ផលិតកម្មរស្មីហង្សមាស នៃរដូវកាលបុណ្យកឋិនទាន ឆ្នាំ ២០២០ នេះ គឺផលិតមកយ៉ាងល្អិតល្អន់ ម៉ត់ចត់ ត្រូវតាមក្បួនខ្នាតប្រពៃណីខ្មែរ សមជាផលិតកម្ម ដែលមានការគាំទ្រជាងគេទូទាំងប្រទេស។ មិនមែនតែមួយបទនេះទេ ព្រោះថាឆ្នាំនេះ ហង្សមាស បានចំណាយទុនយ៉ាងច្រើនសន្ធឹក ដើម្បីផលិតបទចម្រៀងប្រពៃណី ជាច្រើនបទ ដើម្បីអបអរបុណ្យកឋិនទាននេះតែម្តង៕