(ភ្នំពេញ)៖ ក្លិបកីឡាអុកចត្រង្គអង្គរ បានរៀបចំការប្រកួតមិត្តភាពអន្ដរក្លិបរយៈពេល ១ថ្ងៃពេញនៅថ្ងៃទី១០ ខែតុលានេះ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាអុកចត្រង្គកម្ពុជា ពិសេសពង្រឹងសមត្ថភាពកីឡាករត្រៀមដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកដំបូង។

លោក ស៊ាង សុភា ប្រធានក្លិបខាងលើបានបញ្ជាក់ថា នេះជាលើកទី១ ហើយដែលលោករៀបចំការប្រកួតនេះឡើង ដើម្បីផ្ដល់ឱកាសឲ្យកីឡាករទូទាំងប្រទេសបានចូលរួមប្រកួតប្រជែង និងវាស់ស្ទង់សមត្ថភាពគ្នា។ ការប្រកួតនេះ គ្រោងធ្វើ ១ថ្ងៃប៉ុណ្ណោះ ដោយមានកីឡាករ ៤២នាក់ មកពី ១៦ក្លិបទូទាំងប្រទេសចូលរួម។

ម្យ៉ាងដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាអុកចត្រង្គកម្ពុជាឲ្យកាន់តែរីកចម្រើន លោកគ្រោងនឹងរៀបចំការប្រកួតមិត្តភាពអន្ដរក្លិបនេះឲ្យបានយ៉ាងហោច ២ដងក្នុងមួយឆ្នាំ ដើម្បីកៀគរកីឡាករជើងខ្លាំងទូទាំងប្រទេសមកចូលរួមប្រកួតផង និងបណ្ដុះសមត្ថភាពពួកគេឲ្យកាន់តែខ្លាំងថែមទៀត ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣៕