(ភ្នំពេញ)៖ ទោះបីវិបត្តិជំងឺកូវីដ-១៩ បានជះឥទ្ធិពលអវិជ្ជមានជាសកលយ៉ាងណា តែបុរីភ្នំពេញថ្មី បានបើកគម្រោងថ្មី ដោយគ្មានការបារម្ភអ្វីឡើយ ហើយថែមទាំងមានទំនុកចិត្តនឹងទទួលបានការគាំទ្រពីអតិថិជនកាន់តែច្រើនទៀតផង។ នេះបើតាមការបញ្ជាក់របស់តំណាងក្រុមហ៊ុន ក្រោយក្រុមហ៊ុនបើកគម្រោងអេលីតផាកទី២ នៅសង្កាត់ក្រាំងធ្នង់នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ថែមទៀតផង។
លោក ជា ស៊ីមុយ ប្រធានក្រុមផ្នែកលក់បុរីខាងលើបានបញ្ជាក់ថា ទោះមានវិបត្តិកូវីដ-១៩ ក៏ពិតមែន តែគម្រោងរបស់ខ្លួន នៅតែលក់ដាច់ធម្មតា ពិសេស ៣ខែចុងក្រោយ។ យ៉ាងណាមិញលោកក៏បានអរគុណរាជរដ្ឋាភិបាល ដែលបានចាត់វិធានការ និងទប់ស្កាត់ការរីករាលនៃជំងឺសកលនេះផងដែរ។ ហេតុនេះលោកនៅតែមានសុទិដ្ឋិនិយមថា វិស័យលំនៅដ្ឋាន នៅតែដំណើរការរលូនដដែល។
លោកបន្ដថា «ដោយសារភាគច្រើនភ្ញៀវ គាត់ពេញចិត្តលើគុណភាពសំណង់ ហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងដ៏មានសក្ដានុពល ដូច្នេះបានធ្វើឲ្យគម្រោងនីមួយៗ ទទួលបានការគាំទ្រខ្លាំង...។ ចំពោះអំឡុងពេលកូវីដវិញ បុរីនៅតែលក់ដាច់ធម្មតា ជាក់ស្ដែងរយៈពេល ២-៣ខែចុងក្រោយ យើងលក់ដាច់ច្រើនគួរឲ្យកត់សម្គាល់ អាចនិយាយបានថា ច្រើនជាងខែមុនៗទៅទៀត»។
ទន្ទឹមជាមួយគ្នា អ្នកស្រី ជា សុភារុណ ដែលជាប្រធានផ្នែកលក់ដូចគ្នា បានបញ្ជាក់ថា គម្រោងអេលីតផាកទី២ គឺសាងសង់លើផ្ទៃដីប្រមាណ ២ហិចតា ដែលមានទាំងលំនៅដ្ឋាន និងដីឡូតិ៍។ ពិធីសម្ពោធគម្រោងថ្មីនេះ បានធ្វើឡើងក្រោមវត្តមានលោកឧកញ៉ា ប៊ុន ហៃ អគ្គនាយកក្រុមហ៊ុនបុរីភ្នំពេញថ្មី និងលោកជំទាវ ហើយក៏មានការបញ្ចុះតម្លៃរហូតដល់ ៩% ក្នុងថ្ងៃពិសេសនេះផងដែរ៕