(កំពង់ធំ)៖ ធនាគារវឌ្ឍនៈសាខាខេត្តកំពង់ធំ បានបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ ព្រមទាំងមានអញ្ជើញចូលរួមពីអភិបាលខេត្ត លោក សុខ លូ, ឧកញ៉ា អ្នកឧកញ៉ា អភិបាលក្រុង លោក លោកស្រីជាថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសជាច្រើនរូប នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ។ សាខាថ្មីនេះមានទីតាំងស្ថិតនៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ខេត្តកំពង់ធំ គឺជាខេត្តមានផ្ទៃដីធំជាងគេទី២ នៅក្នុងប្រទេសកម្ពុជា និងជាខេត្តមួយក្នុងចំណោមខេត្តដែលមានសក្តានុពលក្នុងវិស័យកសិកម្ម វិស័យទេសចរណ៍ និងសេវាកម្ម មានសកម្មភាព សេដ្ឋកិច្ចរីកចំរើនគួរឱ្យកត់សម្គាល់។
តាមរយៈទិន្នន័យ បានបង្ហាញថា តម្រូវការហិរញ្ញវត្ថុ/ឥណទានសរុប ដែលផ្តល់ដោយគ្រឹះស្ថានហិរញ្ញវត្ថុនៅក្នុងខេត្តកំពង់ធំទាំងមូលមានចំនួនប្រមាណជា៦០០លានដុល្លារ ក្នុងនោះក្រុងស្ទឹងសែន មានឥណទានសរុបប្រមាណជាង ១០០លានដុល្លារ។
លោកស្រីឧកញ៉ា ឈុន លាង បណ្ណាធិការ នៃធនាគារវឌ្ឍនៈ បានលើកឡើងថា ការវិនិយោគពង្រីកសាខាបន្ថែមរបស់ធនាគារវឌ្ឍនៈក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ គឺមិនត្រឹមតែអាចឆ្លើយតប ទៅនឹងតម្រូវការចាំបាច់នានារបស់អ្នកវិនិយោគ អាជីវករ ក៏ដូចជាប្រជាពលរដ្ឋទូទៅលើសេវាហិរញ្ញវត្ថុ ក្នុងឋានៈជាដៃគូអាជីវកម្មដ៏ស្មោះត្រង់ប្រកបដោយជំនាញវិជ្ជាជីវៈ និងទំនុកចិត្តខ្ពស់ របស់អតិថិជនគ្រប់ស្រទាប់វណ្ណៈនោះទេ តែថែមទាំងបានរួមចំណែកជំរុញការអភិវឌ្ឍនៅក្នុង ខេត្តកំពង់ធំផ្ទាល់ផងដែរ។
លោកស្រី ឧកញ៉ាបន្ដថា «ធនាគារវឌ្ឍនៈគឺជាដៃគូអាជីវកម្មដ៏ស្មោះត្រង់ប្រកបដោយជំនាញវិជ្ជាជីវៈ និងទំនុកចិត្តខ្ពស់របស់លោកអ្នក និងការជឿទុកចិត្តពីអតិថិជន ប្រកបដោយវឌ្ឍនភាពជាបន្តបន្ទាប់ ហើយទទួលបាននូវកិត្តិសព្ទល្អ ក្នុងការផ្តល់សេវាអតិថិជនល្អឥតខ្ចោះ និងមានអភិបាលកិច្ចសាជីវកម្មល្អ តាមរយៈការទទួលស្គាល់ពីសំណាក់ស្ថាប័នជាតិ និងអន្តរជាតិ ក្នុងរយៈពេលនៃប្រតិបត្តិការរបស់ខ្លួនជាច្រើនឆ្នាំកន្លងមក»។
សាខាខេត្តកំពង់ធំថ្មីនេះ មានការផ្តល់សេវាកម្មជូន ដើម្បីជួយជំរុញអាជីវកម្មរបស់បងប្អូន និងគាំទ្រសហគ្រាសអាជីវកម្មខ្នាតតូច-មធ្យមនៅខេត្តកំពង់ធំ ដើម្បីជួយបង្កើនទុន និងជំរុញសហគ្រាស អាជីវកម្មទាំងនេះឲ្យកាន់តែមានការរីកចម្រើន ហើយធនាគារ វឌ្ឍនៈ មានសេវាធនាគារចល័ត ធនាគារ វឌ្ឍនៈ ដែលបង្កើតឡើងដោយស្នាដៃ កូនខ្មែរយើងទាំងស្រុង ហើយសេវាធនាគារចល័ត ធនាគារ វឌ្ឍនៈ ជាកម្មវិធីដែលអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈទូរស័ព្ទស្មាតហ្វូនបានដោយងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់បំផុត ដោយមានការទទួលស្គាល់ពីក្រុមហ៊ុនថា លេស (Thales) ដែលជាក្រុមហ៊ុនអន្តរជាតិ ដ៏ល្បីលើផ្នែកសេវាវាយតម្លៃពីសុវត្ថិភាពទិន្នន័យ និងបច្ចេកវិទ្យាព័ត៌មានវិទ្យា។
លោកស្រី ឧកញ៉ា សូមថ្លែងអំណរគុណជូនចំពោះ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់សម្រាប់ការអញ្ជើញចូលរួមធ្វើ ជាកសិណសាក្សីនៃពិធីសម្ពោធដាក់ឱ្យដំណើរការ ជាផ្លូវការ ធនាគារ វឌ្ឍនៈ សាខាខេត្តកំពង់ធំនាពេលនេះ។
ម្យ៉ាងទៀតលោកស្រី សូមអរគុណដល់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងគ្រប់ជាន់ថ្នាក់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ សម្រាប់ការយោគយល់អធ្យាស្រ័យ និងការបង្កលក្ខណៈងាយ ស្រួលដល់ការសាងសង់សំណង់អគារសាខា ធនាគារវឌ្ឍនៈ ឱ្យបានរួចរាល់ជាស្ថារព រហូតឈានដល់ការ សម្ពោធដាក់ឱ្យដំណើរការយ៉ាងរលូន។
ប្រវត្តិសង្ខេបអំពី ធនាគារ វឌ្ឍនៈ គឺជាគ្រឹះស្ថានហិរញ្ញវត្ថុមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ដោយវិនិយោគិន ខ្មែរសុទ្ធសាធ ដែលបានធ្វើការប្តេជ្ញាចូលរួមទាំងកម្លាំងកាយចិត្ត ក្នុងការគាំទ្រកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចរបស់ រាជរដ្ឋាភិបាល ដើម្បីរួមចំណែកជំរុញកំណើនវិនិយោគក្នុងស្រុក។ រយៈពេល ១៨ឆ្នាំកន្លងមកនេះ ធនាគារវឌ្ឍនៈ មានផ្តល់ ជូនសេវាកម្មធនាគារពាណិជ្ជគ្រប់ប្រភេទ ដែលមាន១២សាខានៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាមានចំនួន៨ទីតាំង៕