(ភ្នំពេញ)៖ តារាចម្រៀងសម្បូរហ្វេនមិនស្រកស្រុត អ្នកនាង ពេជ្រ សោភា និងលោក ឆន សុវណ្ណរាជ បានចាប់ដៃគូគ្នា ក្នុងបទចម្រៀងបែបប្រពៃណីខ្មែរមួយបទគឺ «កឋិនគ្រប់វត្ត» ទើបនឹងចេញជា MV ព្រឹកមិញនេះ ថ្មីៗសើមៗតែម្តង។
អាចនិយាយបានថា នេះគឺជាផ្ទាំងទស្សនីយភាពថ្មីមួយដែលមិនធ្លាប់មាន MV បទចម្រៀងថ្មីមួយនេះ មិនសរសើរមិនបានតែម្តង គឺមានគ្រប់បែបបទបុរាណ តែមើលហើយសប្បាយស្រស់ស្រាយតែម្តង ជាពិសេសគឺទេសភាពគ្រប់ប្លង់ នៅក្នុងបទនេះពិតជាស្រស់ស្អាតខ្លាំងណាស់។ មួយបទនេះ ចូលរូមសម្តែងពីតារាច្រើនដួង តែអ្វីដែលប្លែកជាងគេ គឺឃើញវត្តមានគ្រូភ្លេងដ៏ល្បីឈ្មោះមួយរូប គឺលោកគ្រូភ្លេង មាស សុគន្ធ (លោកគ្រូ អួយ) ក៏បានចូលរួមសម្តែងក្នុងបទចម្រៀង «កឋិនគ្រប់វត្ត» នេះផងដែរ។
ជាក់ស្តែង គឺមិនមែនលំៗទេ គ្រាន់តែចេញបានប៉ុន្មានម៉ោង បទនេះមានអ្នកទស្សនាដល់ទៅរាប់សិបម៉ឺនដងឯណោះ ហើយការបេញ្ចេញមតិពីអ្នកគាំទ្រ គឺថា មួយម៉ាត់ណាក៏សរសើរ មួយម៉ាត់ណាក៏ថាកប់ដែរ ម្នាក់ៗលាន់មាត់ថា ហង្សមាសឆ្នាំនេះលែងម៉ាប្លែកភ្នែកតែម្តង។
ទាក់ទងទៅនឹងការផលិតបទប្រពៃណី សម្រាប់បុណ្យកឋិនឆ្នាំនេះ គឺមិនមែនធម្មតានោះទេ ព្រោះមាន លេចឮព័ត៌មានជាច្រើនបានលើកឡើងថា ហង្សមាស ចាយវាយមិនសំចៃដៃឡើយ ដើម្បីផលិតបទប្រពៃណីទាំងនេះ។ ក្នុងនោះត្រូវបានគេដឹងថា ហង្សមាស បានប្រមូលសិល្បករសម័យបុរាណគ្រប់ទំរង់ច្រើនជំនាន់ ជាច្រើនរយនាក់មករួមគ្នាតែម្តង។
ចង់ដឹងថា បទចម្រៀងរបស់កំពូលតារាចម្រៀង អ្នកនាង ពេជ្រ សោភា និងលោក ឆនសុវណ្ណរាជ សម្រាប់រដូវកាលបុណ្យកឋិននេះល្អប្លែកយ៉ាងណានោះ មកទស្សនាទាំងអស់គ្នា៖