(ឆែក)៖ កីឡាករបាល់ទាត់ជម្រើសជាតិរបស់ប្រទេសឆែក ចំនួន៣នាក់ ត្រូវបានគេរកឃើញលទ្ធផលវិជ្ជមាន នៃវីរ៉ុស COVID-19 មុនពេលការប្រកួតរបស់ពួកគេ ក្នុងក្របខណ្ឌ Nations League តទល់ជាមួយនឹងអ៉ីស្រាអ៊ែល, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ។

កីឡាករទាំង៣នាក់នោះ មិនត្រូវបានបង្ហាញអត្តសញ្ញាណនោះទេ ហើយត្រូវបានគេដាក់ឲ្យរស់នៅដាច់ដោយឡែកពីគេ។ កីឡាករចំនួន១១នាក់ និងបុគ្គលិកចំនួន៥នាក់ ត្រូវបានធ្វើតេស្តម្តងទៀត បន្ទាប់ពីលទ្ធផលរបស់ពួកគេមិនប្រាកដប្រជា។

ក្រុមបាល់ទាត់ជម្រើសជាតិឆែក គ្រោងនឹងជួបជាមួយក្រុមជម្រើសជាតិអ៊ីស្រាអ៉ែល នៅទីក្រុង Haifa របស់អ៉ីស្រាអ៊ែល នាថ្ងៃអាទិត្យ និងក្រុមជម្រើសជាតិស្កុតឡែន នៅទីក្រុង Glasgow នាថ្ងៃពុធសប្តាហ៍ក្រោយ។

សាធារណរដ្ឋឆែក បាននឹងកំពុងប្រឈមនឹងការកើនឡើង នៃករណីឆ្លងថ្មីនៃវីរ៉ុស COVID-19 ជាមួយនឹងជាង៨,០០០ករណីថ្មី ត្រូវបានរកឃើញ នៅថ្ងៃសុក្រ៕