(ភ្នំពេញ)៖ ដោយសារសម័យកាលកាន់តែរីកចម្រើន និងមានការអភិវឌ្ឍកាន់តែល្អប្រសើរ ដែលនាំឲ្យមានការផ្លាស់ប្តូរការគិត និងតម្រូវការជាក់ស្ដែងក្នុងការរស់នៅ ប្រជាពលរដ្ឋខ្មែរមួយចំនួននឹងផ្លាស់ប្ដូរនិន្នាការទិញដីឡូត៍បង់រំលោះ មកទិញខុនដូបង់រំលោះវិញ ដោយសម្លឹងឃើញពីឱកាសទទួលបានផលចំណេញផង និងភាពងាយស្រួលរស់នៅផង។ នេះបើតាមការលើកឡើងរបស់លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល។
លោក សំ សុខនឿន បានឲ្យដឹងថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះថា ក្នុងរយៈពេល ៣-៥ ឆ្នាំខាងមុននេះ ប្រជាជនខ្មែរ នឹងមាននិន្នាកាប្រែប្រួលពីការទិញដីឡូត៍ មកទិញខុនដូច្រើនឡើងៗ ហើយអ្នកអភិវឌ្ឍន៍ដីឡូត៍មួយចំនួន ក៏នឹងអាចងាកមកចាប់អារម្មណ៍លើការអភិវឌ្ឍន៍គម្រោងខុនដូតម្លៃសមរម្យក្នុងកម្រិតណាមួយ ដើម្បីស្របតាមតម្រូវការទីផ្សារជាក់ស្ដែង ។
អ្នកទំនាញវ័យក្មេងរូបនេះ ពន្យល់ថា «ខ្ញុំសម្លឹងមើលឃើញទីផ្សារខុនដូនាពេលអនាគតបែបនេះ ហើយវាជាការពិត ដែលខ្ញុំត្រូវតែនិយាយ ការនិយាយបែបនេះអាចឲ្យបងប្អូន ដែលជាអ្នកទិញដីឡូត៍នៅឆ្ងាយពីទីក្រុងពេក ឬអ្នកអភិវឌ្ឍន៍គម្រោងដីឡូត៍អាចមានការមិនពេញចិត្ត ។ ប៉ុន្តែវាជារឿងពិត ដែលនិន្នាកាប្រែប្រួលនៃតម្រូវការខុនដូរនឹងកើនឡើងដោយសារតែហេតុផលចាំបាច់មួយចំនួន»។
លោកថា «មានកត្តាជាច្រើន ដែលជំរុញឲ្យប្រជាជនខ្មែរ រស់នៅក្នុងក្រុង និងជាយក្រុងងាកមកទិញខុនដូ ទី១-កំណើនប្រជាជនក្នុងក្រុងកើនឡើង បណ្តាលឲ្យចរាចរក្នុងក្រុងកាន់តែមហាញឹក ពិបាកក្នុងការធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ធ្វើឲ្យខាតពេល ។ ទី២. ការអភិវឌ្ឍដីឡូត៍ និងបុរីកាន់តែឆ្ងាយទៅៗពីទីក្រុង ដែលមានចម្ងាយលើសពី ៤០គីឡូម៉ែត្រ ធ្វើឲ្យអ្នកទិញសម្រាប់សង់ផ្ទះនៅមានផលពិបាក ក្រៅពីចំណាយថវិកាសាងសង់លំនៅដ្ឋាន ត្រូវចំណាយពេលវេលាច្រើនក្នុងការធ្វើដំណើរចូលក្រុង ដើម្បីបំពេញការងារ និងប្រកបអាជីវកម្មប្រចាំថ្ងៃ»។
«គម្រោងអភិវឌ្ឍន៍ដីឡូត៍អាចជួបបញ្ហាលំបាកនាពេលអនាគត ដែលបញ្ហាលំបាកទាំងនោះទាក់ទងនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធលូ ទឹកភ្លើង ជាដើម ។ ម្យ៉ាងពេលស្ថេរភាពនយោបាយកំពុងតែមានលំនឹង សេដ្ឋកិច្ចប្រទេសកម្ពុជាកាន់តែល្អប្រសើរឡើងៗ ចំណូលប្រជាជនខ្មែរកាន់តែកើន រួមទាំងការផ្ដោតលើផាសុខភាពផង នឹងធ្វើឲ្យពួកគាត់ចង់រស់នៅខុនដូ ដែលមានបណ្តុំសេវាជាច្រើន ទាំងកន្លែងហាត់ប្រាណ និងផ្សារទំនើបជាដើម ដែលបង្កភាពងាយស្រួលក្នុងការរស់នៅ» ។ លោក សំ សុខនឿន បន្ថែម ។
ក្រឡេកមកមើលទីផ្សារ និងតម្រូវការខុនដូវិញ មានតម្លៃរង្វង់ជាង ៥ម៉ឺនដុល្លារឡើង ដែលមានការកើនឡើងបើធៀបនឹងឆ្នាំកន្លងទៅ ដោយសារអ្នកអភិវឌ្ឍ ក៏ដូចជាក្រុមហ៊ុនភ្នាក់ងារទទួលលក់ ផ្តល់លក្ខខណ្ឌងាយស្រួលក្នុងការទិញ ហើយធនាគាក៏បានផ្តល់ជូននូវការបង់ប្រាក់រយៈពេលវែង ឬកម្ចីពីធនាគា ដែលមានការប្រាក់ទាប និងសមរម្យប្រហាក់ប្រហែលទៅនឹងការបង់រំលោះដីឡូតិ៍ ឬប្រហាក់ប្រហែលទៅនឹងតម្លៃជួល ដែលពួកគាត់កំពុងចំណាយសសម្រាប់ថ្លៃជួលរៀងរាល់ខែផងដែរ៕