(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាជាតិ (National Games) លើកទី៣ ត្រូវបានសម្រេចលុបចោលហើយ ដោយសារបញ្ហាវិបត្តិកូវីដ-១៩ ។ ប៉ុន្ដែការប្រកួតកីឡាជាតិ លើកទី៤ ដែលគ្រោងធ្វើនាឆ្នាំ២០២០ នឹងត្រូវរៀបចំជាពិសេស ដោយគោរពតាមនិយាមស៊ីហ្គេម ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។ នេះបើតាមការបង្ហើបរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និងជាអគ្គលេខាធិការ NOCC ។

អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ខាងលើ បញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ នឹងរៀបចំនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងត្រៀមស្វាគមន៍ពិធីបើក-បិទការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា បន្ទាប់ពីសំណង់ប្រវត្តិសាស្ដ្រនេះ សាងសង់រួចរាល់ នាពេលឆាប់ៗខាងមុខ ។ ម្យ៉ាងគណៈកម្មការរៀបចំ ក៏កំណត់កាលបរិច្ឆេទរៀបចំ ដូចស៊ីហ្គេមដែរ ។

លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា «កីឡាជាតិ លើកទី៤ យើងបានកំណត់កាលបរិច្ឆេទ ដូចទៅនឹងកាលបរិច្ឆេទ នៅក្នុងស៊ីហ្គេមអញ្ចឹង ហើយតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានណែនាំដែលថា យើងធ្វើលំនាំដូចស៊ីហ្គេម ។ អញ្ចឹងទេ ពេលវេលាដ៏ដូចស៊ីហ្គេមដែរ ។ ចឹងឆ្នាំ២០២២ នេះ កីឡាជាតិលើកទី៤ របស់យើង តាមពិតជាលើកទី៣ ទេ ប៉ុន្ដែលើកទី៣ យើងខកខាន ចឹងលើកទី៤ នេះ យើងធ្វើតាមនិយាមស៊ីហ្គេម»

«យើងគោរពតាមការណែនាំរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ថា យើងធ្វើឲ្យស្អាតឲ្យល្អ ឲ្យមានកម្រិតមួយ ដល់ពេលស៊ីហ្គេម យើងមានការវាយតម្លៃខ្ពស់ ទៅលើអ្វីដែលយើងបានធ្វើក្នុងកីឡាជាតិរបស់យើង ។ អញ្ចឹងអ្វីដែលសំខាន់ គឺការដឹកនាំល្អ ត្រឹមត្រូវ និងការចង្អុលបង្ហាញត្រឹមត្រូវ ប្រតិបត្តិករទាំងអស់ ក្នុងការងាររៀបចំបច្ចេកទេស នឹងរៀបចំទៅតាមនោះ ។ យើងនឹងរៀបចំពិធីបើក-បិទមួយ ដែលមានលក្ខណៈលំនាំទៅស៊ីហ្គេម ឆ្នាំ២០២៣ របស់យើង» ។ លោក វ៉ាត់ ចំរើន បន្ថែម ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិ ត្រូវបានរាជរដ្ឋាភិបាលគាំទ្រ និងអនុញ្ញាតឲ្យរៀបចំ ២ឆ្នាំម្ដង ក្រោយកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ដើម្បីពង្រឹងគុណភាពរៀបចំពិធីបើក-បិទផង និងបង្កើនគុណផលកីឡាផង ក្នុងន័យសម្រួចទិសដៅឆ្ពោះទៅរកភាពជោគជ័យក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ។ ព្រឹត្តិការណ៍នេះ បានរៀបចំ ២ដងរួចមកហើយ កាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៨ តែលើកទី៣ ដែលគ្រោងរៀបចំក្នុងឆ្នាំ២០២០ នេះត្រូវខានខាន ដោយសារបញ្ហាជំងឺកូវីដ-១៩៕