(ភ្នំពេញ)៖ ក្រោយពីមហាជនមានការគាំទ្រយ៉ាងពេញទំហឹង ទៅលើខ្សែភាពយន្តភាគខ្មែរបែបបុរាណមួយ មានចំណងជើងថា «ទេពធីតាព្កុលមាស» ហើយនោះ ងាកមកតួអង្គប្រុសស្រីដែលសម្តែងក្នុងរឿងនេះ និងតួអង្គផ្សេងទៀត ក៏កំពុងមានប្រជាប្រិយភាពមិនធម្មតាដែរ ពោលគឺម្នាក់ៗសុទ្ធតែមានសមត្ថភាពសិល្បៈយ៉ាងពិសេសរៀងៗខ្លួន។

យ៉ាងណាមិញ សម្រាប់តួឯកប្រុស ក្នុងរឿងឈ្មោះថា ទិឃាយុ និងឈ្មោះពិតប្រាកដថា ទៀន អេងលាង ហៅខៃ ឯនេះវិញ ត្រូវបានគេដឹងថា ក្រៅពីមានសមត្ថភាពផ្នែកសម្តែងភាពយន្តយ៉ាងល្អហើយនោះ ងាកមកផ្នែកតន្ត្រីចម្រៀងវិញ ក៏មិនធម្មតាដែរ ពោលគឺបច្ចុប្បន្នលោកកំពុងទទួលការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ដែលនិយមស្តាប់បទ Original Song ខណៈទាំងទឹកដមសំនៀងរបស់លោក និងស្នាដៃតែងនិពន្ធចម្រៀងដោយខ្លួនឯង គឺពិសេសតែម្តង។ ទោះជាបែបនេះក្តី លោក ខៃ បានអះអាងថា រហូតមកទល់នឹងបច្ចុប្បន្ននេះ មិនទាន់មានគំនិតចង់ចូលក្នុងផលិតកម្មណាមួយឡើយ។ តើមានហេតុផលអ្វីទើបលោកមានគំនិតបែបនេះ។

ឆ្លើយតបនឹងចម្ងល់ខាងលើនេះ តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» លោក ខៃ ម្ចាស់បទ «គេង» រូបនេះ បានឲ្យដឹងថា តាមពិតទៅតាំងពីចាប់យកអាជីពជាតារាចម្រៀង Original Song រហូតមកទល់នឹងពេលនេះ គឺមានចម្រៀង Original ចំនួន៦បទហើយ តែត្រូវបានបញ្ចេញ ខណៈបទទាំងនោះសុទ្ធសឹងតែជាការតែងនិពន្ធនិងចម្រៀងដោយលោកផ្ទាល់។ អ្វីដែលមហាជនមើលឃើញ សឹងតែគ្រប់បទ គឺសុទ្ធសឹងតែមានការគាំទ្រខ្លាំងពីអ្នកស្តាប់ តែយ៉ាងណា លោកអះអាងថា បច្ចុប្បន្ននេះ មិនទាន់មានគំនិតចង់ចូលផលិតកម្មណាមួយទេ។ មូលហេតុគឺនៅត្រង់ថា លោកចង់បង្កើតស្នាដៃខ្លួនឯងឲ្យបានច្រើន ពោលគឺចង់មានអ្វីដែលជារបស់ខ្លួនឯង។

ទោះបីជាមានការលើកឡើងបែបនេះក្តី តែតារាប្រុសរូបសង្ហារម្នាក់នេះ បានពន្លយមួយឃ្លារថា បើថ្ងៃអនាគតលោកមានគំនិតយ៉ាងម៉េចទៀតចំពោះរឿងនេះ គឺមិនទាន់ដឹងនៅឡើយទេ ព្រោះអាស្រ័យទៅតាមពេលវេលា។

លោកខៃ ក្រៅពីមានទេពកោសល្យផ្នែកសិល្បៈ មានមហាជនជាច្រើនគាំទ្រ និងទទួលស្គាល់ពីសមត្ថភាពសិល្បៈទាំងការនិពន្ធ និងចម្រៀងចម្រៀង ព្រមទាំងសម្តែងភាពយន្តហើយនោះ លោកក៏ជានិស្សិតបញ្ចប់ការសិក្សារបរិញ្ញាបត្រផ្នែកទេសចរណ៍នៅសាកលវិទ្យាល័យមួយផងដែរ។ បច្ចុប្បន្នលោក គឺជាតារាចម្រៀងឯករាជ្យម្នាក់ ដែលកំពុងមានប្រជាប្រិយភាព ក្រោយពីបង្ហាញវត្តមានសម្តែងជាតួឯកប្រុសក្នុងរឿង «ទេពធីតាព្កុលមាស» ខណៈរឿងនេះជាស្នាដៃសម្តែងភាពយន្តភាគខ្មែរទី២ហើយ ដែលលោកចូលរួមសម្តែង ខណៈរឿងទី១ គឺមានចំណងជើងថា «វេទមន្តស្នេហ៍តន្ត្រី»៕