(កំពត)៖ អ្នកជំនាញអលចនទ្រព្យ៣រូប រួមគ្នាបង្ហាញពីគន្លឹះ និងចែករំលែកបទពិសោធន៍ ពាក់ព័ន្ធលើវិស័យអចលនទ្រព្យ ដល់សិក្ខាកាម ដើម្បីឲ្យក្លាយខ្លួន ជាសហគ្រិនឆ្នើមពាក់ព័ន្ធលើជំនួញវិស័យអចលនទ្រព្យ។ ក្នុងអង្គសិក្ខាសាលាចែករំលែកបទពិសោធន៍ លើវិស័យអចលនទ្រព្យ ធ្វើឡើងនៅខេត្តកំពត នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នៅសាលសន្និសីទអាគារ B សាលាខេត្តកំពត។
ដោយមានគ្រូឧទ្ទេសជាអ្នកជំនាញអលចនទ្រព្យ ៣រូប មកពីក្រុមហ៊ុនអចលនៈទ្រព្យ៣ផ្សេងគ្នា រួមមាន៖ ១- លោក គង់ ចាន់ណា អគ្គនាយកក្រុមហ៊ុន «គង់វង្សប្រណិត រៀល អ៊ីស្ទេត ឯ.ក» «KONG VONG PRONIT REAL ESTATE CO.,LTD)», លោក ង៉ែត សុផាត ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ KDR និងលោក កែវ សុជាតិ ប្រធានក្រុមហ៊ុន KW Kampot មានសិក្ខាកាមចូលរួមជាង ៣០០នាក់។
ក្នុងអង្គសិក្ខាសាលានោះ លោក គង់ ចាន់ណា អគ្គនាយកក្រុមហ៊ុន តំណាងឲ្យក្រុមហ៊ុនអចលនទ្រព្យ ២ផ្សេងទៀត បានបង្ហាញពីគន្លឹះសំខាន់ៗ និងចែករំលែក ផ្ដល់បទពិសោធន៍ ពាក់ព័ន្ធលើវិស័យអចលនទ្រព្យ ដល់សិក្ខាកាមដែលបានចូលរួម សំដៅឲ្យសិក្ខាកាមត្រងត្រាប់ស្ដាប់ និងក្រេបជញ្ជក់ចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ ដើម្បីប្រែក្លាយខ្លួនជាសហគ្រិនឆ្នើម។
លោក គង់ ចាន់ណា បានបន្ថែមទៀតថា ដើម្បីឲ្យបុគ្គលក្លាយជាសហគ្រិនឆ្នើមទៅបាន លុះត្រាបុគ្គលនោះជឿជាក់លើខ្លួនឯង លើផែនការយុទ្ធសាស្ត្ររបស់ខ្លួន ហើយបុគ្គលនោះ ត្រូវអនុវត្តនូវផែនការយុទ្ធសាស្ត្រឲ្យបានភ្ជាប់ភ្ជួន និងបត់បែនផែនការនោះ ទៅតាមការវិវឌ្ឍន៍របស់សេដ្ឋកិច្ចគោលនយោបាយបច្ចេកវិទ្យា របស់រាជរដ្ឋាភិបាល ក៏ដូចជាសកលលោកផងដែរ។
លោក គង់ ចាន់ណា ក៏បានបន្តទៀតថា សិក្ខាសាលាចូលរួមក្នុងអង្គសិក្ខាសាលាលើកនេះ គឺជាប្រវត្តិសាស្រ្ត សម្រាប់ខេត្តកំពត ក្នុងគោលបំណង រំលឹកដល់អ្នកអភិវឌ្ឍអចលនទ្រព្យ អ្នកវិនិយោគលើវិស័យអចលនទ្រព្យ ហើយពួកគាត់ក្រោកឡើងរួមគ្នា ធ្វើទាំងអស់គ្នា ជោគជ័យទាំងអស់គ្នា រួមគ្នាអភិវឌ្ឍន៍ទាំងអស់គ្នា ដើម្បីខេត្តកំពត ក៏ដូចប្រទេសជាតិយើងផងដែរ។
ជាក់ស្ដែងក្រុមហ៊ុនទាំងបីនេះ វាជាការចាប់ផ្ដើមមួយ ដូចជាក្រុមហ៊ុន «គង់វង្សប្រណិត រៀល អ៊ីសស្ទេត ឯ.ក» ដែលមានរូបលោកផ្ទាល់ ជាអគ្គនាយកក្រុមហ៊ុនមួយនេះ។ ហើយបើក្រុមហ៊ុនមួយនេះ ធ្វើប្រតិបត្តិការតែម្នាក់ឯង មានន័យថាអតិថិជនគោលដៅយើងមានតែម្នាក់ទេ។
រីឯក្រុមហ៊ុនអចលនទ្រព្យដែលចូលរួមពីរទៀត ដូចជា៖ ក្រុមហ៊ុន KW និងក្រុមហ៊ុន KDR ក៏មានអតិថិជនពីរ ដែលមានគោលដៅពីរផ្សេងទៀត វានឹងពង្រីកវិសាលភាព នៃអតិថិជន ពីរគោលដៅបានកាន់តែច្រើន។ បន្ថែមលើនឹងទៀតមានការផុសផុល ដូចជាខេត្តកំពត គឺជាខេត្តមួយដែលមានសកម្មភាព ពីអ្នកលក់ អ្នកជួល ក៏ដូចជាវិស័យអចនទ្រព្យផុសផុលកន្លែងផ្សេងទៀតផងដែរ។
នេះជាមូលហេតុក្រុមហ៊ុនធំៗទាំងបី ដែលចាប់ដៃគ្នាបើកបេះដូងយ៉ាងទូលាយ ក្នុងការនិយាយទៅកាន់សាធារណជន ក៏ដូចជាសិក្ខាកាម ដែលបានមកចូលរួមក្នុងអង្គសិក្ខាសាលានេះ សុទ្ធតែជាក្រុមអ្នកលក់ អ្នកអភិវឌ្ឍន៍ និងអ្នកវិនិយោគលើអចលនទ្រព្យ។
លោក គង់ ចាន់ណា បានបន្តថា ក្នុងអង្គសិក្ខាសាលានេះ គឺមិនមែនបង្កើតប្រយោជន៍ ដើម្បីឲ្យក្រុមហ៊ុនមួយណានោះទេ ក្នុងចំណោមក្រុមហ៊ុនទាំងបីខាងលើនេះ គឺពួកយើងបង្កើតឡើង សម្រាប់ប្រជាពលរដ្ឋ ឬសាធារណជនទូទៅ នៅក្នុងភូមិសាស្ត្រខេត្តកំពតយើងតែម្តង គោលបំណងធំ គឺយើងចង់ឱ្យផ្នែកដែលកំពុងវិនិយោគ កំពុងអភិវឌ្ឍ និងអ្នកលក់ចលនទ្រព្យទាំងអស់ គឺចង់ឲ្យពួកគាត់ទាំងអស់គ្នាភ្ញាក់រំឭកក្នុងការលក់ ទិញ លើអចនទ្រព្យ ដោយប្រកប ប្រកាន់យកវិជ្ជាជីវៈ ដូចជាដាក់តម្លៃលើក្រោម។
ពិសេសជាងនេះទៅទៀត ចង់លើកទឹកចិត្តឲ្យពួកគាត់ព្យាយាមគោរពច្បាប់ តាមរាជរដ្ឋាភិបាលដោយបើកការលក់ដូរ ទិញ ជួល មានឯកសារអ្វី ជាគតិយុត្ត របស់រាជរដ្ឋាភិបាល ទាំងនេះជៀសវាង ធ្វើឲ្យប៉ះពាល់ដល់ជំនួញលើវិស័យអចលទ្រព្យដែលស្របច្បាប់។
លោក គង់ ចាន់ណា កត់សម្គាល់ឃើញថា ក្នុងអង្គសិក្ខាសាលា នាពេលនេះ មានសិក្ខាកាមមកពីគ្រប់ទិសទី ដើម្បីមកចូលរួមស្ដាប់ និងយកបទពិសោធន៍ កាន់តែច្រើនឡើង និងទទួលចំណេះដឹង បទពិសោធន៍ កាន់តែច្រើនឡើងផងដែរ ដោយខុសពីអង្គសិក្ខាសាលាមុនៗ ដែលក្រុមហ៊ុនរៀងៗខ្លួន បានបើក និងផ្ដល់ ចែករំលែកបទពិសោធន៍ ហើយសិក្ខាកាមចូលរួមតិច។
ក្នុងភាពជាអ្នកមានឆន្ទៈចែករំលែកគឺមិនបញ្ចប់ត្រឹមអង្គសិក្ខាសាលាមួយនេះទេ វាគ្រាន់ជាការរួមគ្នាចាប់ផ្ដើម ហើយក្រុមហ៊ុនទាំងបីនេះ នឹងចាប់ដៃគ្នា ធ្វើការងារឲ្យបានធំជាងនេះផងដែរ ដើម្បីពង្រីកវិសាលភាពឲ្យកាន់តែធំជាងនេះថែមទៀត។
សម្រាប់អ្នកដែលចូលរៀន លើកនេះ ភាគច្រើនប៉ះលើអ្នកអភិវឌ្ឍន៍ អ្នកវិនិយោគ និងអ្នកលក់ ដូច្នេះយើងក៏ចង់បង្រៀន ឬចែករំលែកដល់អ្នកជំនាន់ក្រោយតៗទៀត ដូចជានិស្សិត ឬចំពោះអ្នកណាបាននិងកំពុងត្រៀមខ្លួនចូលវិស័យអចលនទ្រព្យ ដោយសំដៅចែករំលែកដល់ពួកគាត់ ឲ្យមានចំណេះដឹង ជំនាញ ដើម្បីប្រឡូកក្នុងវិស័យអចលនទ្រព្យ ពីព្រោះអចលនទ្រព្យគិតទៅវាជាមុខរបរថ្មីមួយប៉ុណ្ណោះ។
លោកថា នៅក្នុងប្រទេសជាតិយើង ពិសេសក្នុងខេត្តកំពតនេះតែម្ដង បើពួកគេនិយាយពីអចនទ្រព្យ អញ្ចឹងគាត់បានដឹង ហើយក្រុមហ៊ុនប្រើដៃដូរដើម្បីធ្វើការចែករំលែក ហើយការចែករំលែករបស់ក្រុមហ៊ុន បានធ្វើឡើងបន្តិចម្ដងៗ ដែលធ្វើឲ្យប្រសើរឡើង។ នេះហើយជាមូលហេតុ ដែលយើងត្រូវចាប់ដៃគ្នា ព្រួតគ្នាកសាងឡើង ដើម្បីធ្វើឲ្យវាប្រសើរឡើង និងជំនះ ខណៈពេលអន្តរកាលកូវីដ១៩ ដែលក្នុងសង្គមខ្មែរយើង និងពិភពលោកបានកើតឡើងក៏ដោយ។
ចំពោះមុខខេត្តកំពតមួយនេះ មានគម្រោងថ្មីៗ ដែលបាននិងកំពុងធ្វើសកម្មភាពកន្លងមក និងបច្ចុប្បន្ននេះ វាមិនស្ងាត់ពាក់ព័ន្ធលើវិស័យអចនទ្រព្យនោះទេ ហើយសម្រាប់ខេត្តកំពតយល់ឃើញថា ជាខេត្តមួយ ដ៏ល្អសម្បូរទៅដោយ សក្តានុពលសំបូរបែបជាច្រើន។ ចំពោះតម្លៃដីវិញ វាមិនត្រឹងទេ វានឹងឡើងតម្លៃថែមទៀត ហើយលោកមានសុទិដ្ឋិនិយមខ្លាំង ទៅលើទឹកដីខេត្តកំពតដោយយល់ឃើញថា អ្នកវិនិយោគដែលគាត់បាននិងកំពុងត្រៀម និងគម្រោងវិនិយោគថ្មីៗជាច្រើនទៀតនោះ ពួកគាត់នឹងជឿជាក់ថាទៅថ្ងៃអនាគត មានឱកាសចំណេញបានច្រើនទាក់ទិនទៅនឹងវិស័យអចលនទ្រព្យមួយនេះ។
លោក គង់ ចាន់ណា ក៏បានផ្ដាំផ្ញើ និងសារទៅសិក្ខាកាមទាំងអស់ ជាពិសេសអ្នកកំពុងវិនិយោគ កំពុងតែប្រឡូកលើវិស័យអចនទ្រព្យ ទាំងអ្នកវិនិយោគក្តី ទាំងអ្នកអភិវឌ្ឍន៍ក្តី និងអ្នកលក់ក្តី សូមឲ្យពួកគាត់មានភាពស្របច្បាប់ គោរពច្បាប់ទាំងអស់គ្នា ដើម្បីកុំឲ្យមានភាពឈឺចាប់ដល់អ្នកទិញ ហើយបានលក់ដូរ កុំដាក់តម្លៃលើក្រោម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន គឺយើងគិតផលប្រយោជន៍ដល់អ្នកទិញជាធំ និងឆ្ពោះទៅសម្រាប់ប្រយោជន៍សង្គមជាតិជាធំផងដែរ៕