(ភ្នំពេញ)៖ TUBE COFFEE ឬ កាហ្វេថ្នល់ប្រេនខ្មែរ សាខាទី១០ បានបើកសម្ពោធជាផ្លូវការហើយ និងត្រៀមបើក១០សាខាថ្មីនៅចុងឆ្នាំនេះ។
កញ្ញា ស៊ូ មុន្នីពេជ្រ ម្ចាស់ម៉ាកកាហ្វេ TUBE បានបញ្ជាក់ថា សព្វថ្ងៃហាងកាហ្វេនេះ ទទួលបានការគាំទ្រខ្លាំង ទោះបីមានការប្រកួតប្រជែងជាមួយម៉ាកកាហ្វេ ពីបរទេសជាច្រើន ក្នុងរាជធានីភ្នំពេញក្ដី។
កញ្ញាបន្តថា មូលហេតុដែលធ្វើឲ្យកាហ្វេ TUBE អាចប្រកួតប្រជែង ជាមួយម៉ាកកាហ្វេពីបរទេស ព្រោះមកពីគុណភាពមានរសជាតិឆ្ងាញ់ មានអនាម័យខ្ពស់ មានការវេចខ្ចប់ត្រឹមត្រូវ ថែមទាំងតម្លៃសមរម្យ ពុំថ្លៃដូចម៉ាកកាហ្វេមកពីបរទេសនោះទេ។
កញ្ញា ស៊ូ មុន្នីពេជ្រ បានបញ្ជាក់បន្ថែមថា សម្រាប់គ្រឿងផ្សំ ប្រមាណ៨០ភាគរយ គឺជារបស់ខ្មែរ និងប្រើប្រាស់គ្រឿងផ្សំពីបរទេសតិចបំផុត ជាពិសេសកាហ្វេ TUBE ក៏មានកាហ្វេប្រចាំហាង ឈ្មោះថា កាហ្វេថ្នល់ ដែលកំពុងមានការគាំទ្រខ្លាំង ពីអតិថិជន។ ជាពិសេសកញ្ញាគ្រោងនឹងនាំយកឈ្មោះ (ប្រេន) ចូល TUBE COFFEE ទៅកាន់ទីផ្សារបរទេសវិញ ព្រោះកូនខ្មែរក៏មានអ្វីថ្មី និងប្លែក ដើម្បីបង្ហាញដល់អន្តរជាតិឲ្យបានស្គាល់ផងដែរ។
ដោយឡែក ម្ចាស់ហាងកាហ្វេធ្យូប ថ្មីទី១០សាខាទល់មុខនឹងសាលាបារាំង ស្ថិតនៅតាមបណ្តោយផ្លូវ 184 សង្កាត់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ លោកស្រី ប្រាក់ ម៉ាលីណា ដែលជាម្ចាស់សាខាមួយរូប នៃហាងកាហ្វេធ្យូប ក៏បានបញ្ជាក់ថា មូលហេតុដែលជ្រើសរើសយកកាហ្វេធ្យូប ព្រោះចង់លើកស្ទួយ នូវអ្វីដែលជារបស់កម្ពុជា ស្របពេលដែលគុណភាពកាហ្វេ ក៏មានរសជាតិឆ្ងាញ់ មានតម្លៃសមរម្យអាចទទួលយកបាន សម្រាប់សិស្សនិស្សិត ក៏ដូចជាមនុស្សគ្រប់កម្រិតជីវភាព។
លោកស្រី ប្រាក់ ម៉ាលីណា ដែលបានសម្រេចជ្រើសរើសម៉ាក កាហ្វេធ្យូប មកបើកសាខានៅមុខ សាលាបារាំងនេះ លោកស្រី បានបញ្ជាក់ថែមទៀតថា ការបើកហាងធ្យូប គឺដើម្បីគាំទ្រដល់ម៉ាកខ្មែរ ផលិតឡើងដោយកូនខ្មែរ ហើយវាក៏ជាមោទនមួយសម្រាប់ប្រជាពលរដ្ឋយើងក៏ដូចជារូបលោកស្រីផងដែរ។
រហូតមកដល់ពេលនេះ ហាងកាហ្វេធ្យូប ពង្រីកសាខាបានរហូតដល់១០ហើយរួមមាន៖ សាខាក្ដាន់២, សាខា អុីអន សែនសុខ, សាខាកាណាឌីយ៉ា, សាខាបឹងកេងកង, សាខាជ្រោយចង្វារ, សាខាទួលទំពូង, សាខាជីបម៉ុងបាក់ទូក, សាខាធីខេសម័យស្វ៊ែរ, សាខានៅមុខសាលាច្បាប់ បឹងត្របែក និងសាខាទល់មុខសាលាអារីយ៉ង់ ហ្វង់សេ ព្រមទាំងមានគម្រោងពង្រីក ទៅតាមខេត្តនានានៅពេលខាងមុខនេះទៀតផង៕