(ភ្នំពេញ)៖ ក្នុងរដូវការបុណ្យកឋិនទាននេះ ហង្សមាស ពិតជាខ្លាំងមែន ចេញបទចម្រៀងសុទ្ធតែប្រណិតដើម្បីអបអរបុណ្យសាសនាជាតិមួយនេះ ដោយបទចម្រៀងជាច្រើនបទកំពុងតែតំរៀបជួរគ្នា ត្រៀមចេញជាបន្តបន្ទាប់។

រឹតតែអស្ចារ្យនៅក្នុងព្រឹកថ្ងៃចុងសប្តាហ៍នេះ អាយដល ដែលជាតារាចម្រៀងវ័យក្មេងប្រចាំក្នុងផលិតកម្មនាំមុខគេ ក្នុងប្រទេសមួយនេះ បានសាងភាពភ្ញាក់ផ្អើលទាំងព្រឹកតែម្តង ដោយបានរួមគ្នាសរុបមាន៧នាក់ មានដូចជា ពេជ្រ ថៃ ឡុង លីគង្គ ចាន់ សុបញ្ញា ភឿន សុភាព សុខ សុជាតា ឃុយ ម៉ីហៀង និង រ៉ន ចាន់ឌីន ចេញចម្រៀងមួយបទ ដើម្បីអបអរបុណ្យកឋិនទានមានចំណងជើងថា «តោះ! យើងហែរកឋិនទាន» គឺពិតជាស្រស់ស្រាយដម្បើមណាស់ ម្នាក់ៗរៀបចំខ្លួនយ៉ាងស្រស់ស្អាតបែបប្រពៃណីខ្មែរ រាំពន់ពែនយ៉ាងគួរឲ្យស្រឡាញ់គ្រប់គ្នាតែម្តង។

បទចម្រៀងចង្វាក់សប្បាយៗបែបរាំដង្ហែរកឋិនមួយបទនេះ ក៏បានរួមបញ្ចូលនូវបទចម្រៀងអាយ៉ៃឆ្លើយឆ្លងផងដែរ ដែលពិតជាគួរឲ្យស្ញើចសរសើរដល់តារាចម្រៀងវ័យក្មេងរបស់យើង ដែលអាចច្រៀងអាយ៉ៃបានយ៉ាងពិរោះ ហើយក៏គួរឲ្យសរសើរដល់អ្នកផលិតផងដែរ ដែលរូបភាពបែបនេះ គឺឆ្លុះបង្ហាញនឹងនាំផ្លូវដល់ក្មេងជំនាន់ក្រោយឲ្យស្គាល់នូវសិល្បៈបុរាណថាល្អល្អយ៉ាងណាខ្លះ។

ក្នុងបទ «តោះ! យើងទៅហែរកឋិន» នេះក៏សង្កេតឃើញមានវត្តមានរបស់ម្ចាស់បទ «ចាបយំល្វើយៗ» លោក ចាន់ មករា ផងដែរ ដែលបានរួមបើកឆាកច្រៀងឆៃយាំធ្វើឲ្យបទចម្រៀងមួយបទនេះត្រូវចំសណ្ឋានតែម្តង។

តាំងពីដើមមក គឺមានតែផលិតកម្មហង្សមាសតែមួយគត់ ដែលអាចផលិតបទចម្រៀងបែបប្រពៃណីត្រូវចំក្បួនខ្នាត និងមានគុណភាពល្អវិសេសបែបនេះ ហើយពិតជាគួរឲ្យស្ញើចសរសើរផងដែរ ដែលផលិតកម្មនាំមុខគេក្នុងប្រទេសមួយនេះ តែងតែប្រកាន់ខ្ជាប់នូវការផលិតបទចម្រៀងបែបប្រពៃណីទៅតាមរៀងរាល់បទជាតិធំៗ មិនដែលរំលងឡើយតាំងពីដើមមក។

អ្វីដែលកាន់តែពិសេសចំពោះរដូវកាលបុណ្យកឋិនទានឆ្នាំ២០២០ ផលិតកម្មរស្មីហង្សមាស ត្រូវបានគេទម្លាយឲ្យដឹងថា បានចាយវាយទុនខ្នាតយក្សតែម្តង ដើម្បីផលិតបទចម្រៀងប្រពៃណីខ្មែរ អបអរពីបុណ្យកឋិនទាននេះ ដែលមានការប្រមូលផ្តុំដោយសិល្បៈករច្រើនជំនាន់គ្រប់ទំរង់រាប់រយនាក់មកជុំគ្នាតែម្តង៕