(ភ្នំពេញ)៖ ទីបំផុតតំណែងជើងឯកក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២០ នឹងត្រូវកាត់សេចក្ដីនាសប្ដាហ៍ចុងក្រោយ បន្ទាប់ពីបេក្ខភាពប្រជែងពានទាំង ២ក្រុមរួមមានបឹងកេត និងព្រះខ័នរាជស្វាយរៀងរកបាន៣ពិន្ទុបន្ថែមរៀងៗខ្លួន ក្នុងការប្រកួតសប្ដាហ៍ទី១៨ ដែលទើបបញ្ចប់ការប្រកួតនាព្រលប់ថ្ងៃទី១១ ខែតុលានេះ។
ចំពោះក្រុមបឹងកេត បានយកឈ្នះក្រុមកងយោធពលខេមរភូមិន្ទ(ទ័ព) ២-០ នៅកីឡដ្ឋានស្ដាតចាស់ ។ ជំនួបដ៏តានតឹង ក្រោយពន្យាពេល ៣០នាទី ដោយសារមានភ្លៀងធ្លាក់ខ្លាំងនេះ វគ្គទី១ មិនមានគ្រាប់បាល់កើតឡើងនោះទេ ។ ប៉ុន្ដែចូលវគ្គទី២ កីឡាករ Dzarma Bata បានស៊ុតបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះ ២គ្រាប់ ជួយឲ្យក្រុមនាគខៀវបឹងកេត បន្ដឈរកំពូលតារាងតែម្ដង ។
រីឯក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះវិសាខា ២-០ នៅកីឡដ្ឋានព្រីនស៍ ។ ២គ្រាប់ ដែលជួយឲ្យក្រុមភ្ញៀវទទួលបាន ៣ពិន្ទុថ្ងៃនេះ បានកើតឡើង តាំងពីវគ្គទី១ ដែលធ្វើសម្រេចដោយកីឡាករ ប្រាក់ មុន្នីឧត្តម ស្របពេលវិសាខា បានបាត់បង់សមាជិកម្នាក់ គឺកីឡាករ ទិត ឌីណា ក្រោយទទួលបានកាតក្រហមចុងម៉ោង ។ តែយ៉ាងណាលទ្ធផលនេះ បានរក្សារហូតដល់ចប់ ៩០នាទី ។
ជាមួយការដណ្ដើមបានជ័យជម្នះខាងលើ បានធ្វើឲ្យក្រុមទាំងពីរ រក្សាឱកាសដណ្ដើមជើងឯកលីគកំពូលកម្ពុជាដូចគ្នា ដោយត្រូវរង់ចាំអ៊ុតលទ្ធផលប្រកួតកាត់សេចក្ដីនាសប្ដាហ៍ចុក្រោយ ដ្បិតបច្ចុប្បន្នបឹងកេត បន្ដឈរកំពូលតារាង និងមាន ៤០ពិន្ទុ ខណៈព្រះខ័នរាជស្វាយរៀង បន្ដឈរលេខ២ និងមាន ៣៨ពិន្ទុ ។ ចំពោះប្រកួតចុងក្រោយ បឹងកេត ត្រូវជួបភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង ជួបក្រុមណាហ្គាវើលដ៏ នាថ្ងៃទី២៥ ខែតុលាខាងមុខ៕