(អាមេរិក)៖ បណ្ដាញទំនាក់ទំនងសង្គមអាមេរិក Twitter បានព្រមានដល់ គណនីរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដោយពេលដែលលោកបាន បង្ហោះសារពាក់ព័ន្ធនឹងស្ថាប័នជំងឺកូវីដ-១៩ ដែលវាបានរំលោភលើច្បាប់ស្ដីអំពីការផ្សព្វផ្សាយព័ត៌មានមិនពិត។ នេះបើយោងតាមការ ចេញ ផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។

លោកដូណាល់ ត្រាំ បានបង្ហោះសារថា លោកមានភាពស៊ាំទៅនឹងវីរុសកូវីដ-១៩ ដែលសារមួយនេះបានរំលោភលើគោលការណ៍ក្នុងការផ្សព្វផ្សាយ អំពីព័ត៌មាន បំភាន់ ឬព័ត៌មានមិនពិតទាក់ទងនឹងកូវីដ-១៩ ហើយវាក៏បានល្មើសទៅនឹងបំរាមរបស់ Twitter ផងដែរ។

អ្នកនាំពាក្យរបស់បណ្ដាញសង្គម Twitter បានថ្លែងប្រាប់សារព័ត៌មាន Reuters ថា ការបង្ហោះសាររបស់លោកត្រាំ គឺវានាំឱ្យមានការយល់ច្រឡំ ឬបំភាន់យ៉ាងធ្ងន់ធ្ងរ ផ្នែកសុខភាព ជាពិសេសគឺជំងឺកូវីដ-១៩ តែម្ដង។

គួរបញ្ជាក់ផងដែរថា លោកត្រាំបានប្រកាសកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុននេះថា លោកបានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយមិនបានបង្កហានិភ័យ ឬចម្លងទៅ អ្នក ដទៃដែរ ខណៈដែលលោកត្រូវបានធ្វើតេស្ដរកឃើញករណីឆ្លងមេរោគកូវីដ-១៩ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០៕