(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់តោ៣ អង់គ្លេសបានធ្វើការវាយបកយកជ័យជម្នះ ២-១ ទៅលើគូប្រជែងបិសាចក្រហមប៊ែលហ្សិក ដើម្បីឈរនៅកំពូលតារាង League A ក្រុមទី២ នៃព្រឹត្តិការណ៍ពានរង្វាន់លីគជើងឯកអឺរ៉ុប UEFA Nations League 2020-2021។

អង់គ្លេស ដែលកំពុងដឹកនាំដោយគ្រូបង្វឹក Gareth Southgate បានធ្វើការដាក់សម្ពាធ និងរកបាន ២គ្រាប់វិញផងដែរ នៅពេលខ្សែប្រយុទ្ធមកពីក្លិប Inter Milan, Romelu Lukaku បានស៊ុតបាល់ ១១ម៉ែត្រនាំមុខឲ្យប៊ែលហ្សិកនៅដើមវគ្គទី២ ពីការបង្កកំហុសក្នុងប្រអប់គ្រោះថ្នាក់របស់ខ្សែការពារ Eric Dier មុនពេល Marcus Rashford ដែលត្រូវបានជ្រើសចេញពីក្លិប Manchester United ប៉េណាល់ទីតាមស្មើ ១-១ នៅជិតបញ្ចប់វគ្គទី១។

តែយ៉ាងណា ការប្រកួតដែលពុំមានអ្នកគាំទ្រចូលរួមក្នុងកីឡដ្ឋាន Wembley នៅតែបន្តក្តៅគគុកសម្រាប់រយៈពេល ៤៥នាទីដែលនៅសល់ រហូតដល់ខ្សែបម្រើ Mason Mount មកក្លិបតោខៀវ Chelsea រកបានគ្រាប់ជ័យជម្នះនៅនាទី៦៤ ពីការបញ្ជូនបាល់របស់ Kieran Trippier ដើម្បីសងសឹកប៊ែលហ្សិកដែលពួកគេធ្លាប់ចាញ់ ២-០ កាលប្រកួតដណ្តើមយកលេខ៣ នៅ World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។

៣ពិន្ទុនេះដែរ បានធ្វើឲ្យអង់គ្លេសរកបាន ៧ពិន្ទុក្នុងចំណោម ៣ប្រកួតនៅ Nations League តាមពីក្រោយប៊ែលហ្សិក ដែលមាន ៦ពិន្ទុឆ្លងកាត់ ៣ប្រកួតដូចគ្នា និងដាណឺម៉ាក រកបាន ៤ពិន្ទុឈរនៅលេខ៣ និងអ៊ីស្លង់ឈរបាតតារាង ពុំមានពិន្ទុរាប់នឹងគេឡើយ៕