(ភ្នំពេញ)៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១៤ (ថ្នាក់ជាតិ) ឆ្នាំ២០២០ នឹងបន្ដរៀបចំការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (វគ្គ ១/២) នៅពហុកីឡដ្ឋានជាតិ (ស្ដាតអូឡាំពិក) ដែលជាទឹកដីកណ្ដាល ស្របពេលសំបុត្រចូលទស្សនា គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានប្រកាសលក់ពីថ្ងៃនេះ ដល់ថ្ងៃទី១៩ ខែតុលាខាងមុខ។

ចំពោះកម្មវិធីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រួមមានក្រុមភ្នំពេញក្រោន ត្រូវជួបក្រុមណាហ្គាវើលដ៏ នៅថ្ងៃទី២១ ខែតុលា។ ឯ ១ប្រកួតទៀត គឺជំនួបរវាងក្រុមវិសាខា និងខេត្តព្រៃវែង ដែលត្រូវប្រកួតថ្ងៃបន្ទាប់ គឺថ្ងៃទី២២ ខែតុលា។ ការប្រកួតដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិនេះ នឹងចាប់ផ្ដើមវេលាម៉ោង ៦ល្ងាចដូចគ្នា។

ងាកមកចាប់អារម្មណ៍ការលក់សំបុត្រវិញ CNCC បានតម្រូវឲ្យអ្នកគាំទ្រភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ ឬប័ណ្ណសម្គាល់ខ្លួន ទើបអាចទិញសំបុត្របាន។ ការតម្រូវបែបនេះ គឺអនុវត្តតាមគោលការណ៍របស់គណៈកម្មការរៀបចំការប្រកួត ពិសេសគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការជំងឺកូវីដ-១៩ បន្ទាប់ពីរាជរដ្ឋាភិបាលអនុញ្ញាតឲ្យអ្នកគាំទ្រ ១០% នៃកៅអីសរុបចូលទស្សនាការប្រកួតកាលពីពេលថ្មីៗនេះ៕