(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei ពិតជាបានជួបព្យុះភ្លៀងយ៉ាងខ្លាំង ដោយសារតែការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប៉ុន្តែព្យុះភ្លៀងមួយ នេះមិនអាចបញ្ឈប់ក្រុមហ៊ុន Huawei ក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យា 5G នៅអឺរ៉ុបបាននោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២០។

លោក Abraham Liu អនុប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អឺរ៉ុបបានថ្លែងឱ្យដឹងថា Huawei ជាក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ទូរស័ព្ទចល័ត និងស្មាតហ្វូនធំជាង គេ នៅលើពិភពលោក ដែលនៅពេលនេះកំពុងតែស្វែងរកដំណោះស្រាយដ៏សមស្រប និងល្អបំផុតសម្រាប់អតិថិជន និងអ្នកប្រើប្រាស់ទូរស័ព្ទ Huawei រាប់លាននាក់ ក្រោយពេលដែល Google បានបញ្ឈប់ការផ្គត់ផ្គង់ និងគាំទ្រប្រព័ន្ធដំណើរការ Android។

បច្ចុប្បន្ននេះ អតិថិជនដែលប្រើប្រាស់ស្មាតហ្វូន Huawei ចំនួន ៩០លាននាក់នៅអឺរ៉ុបកំពុងតែប្រឈមមុខនឹងបញ្ហាប្រព័ន្ធដំណើរការ ព្រោះ Google បានបិទការ Update នូវ Android តាមការស្នើរបស់លោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ប៉ុន្តែ ក្រុមហ៊ុន Huawei បានប្រកាសថា នឹងដោះស្រាយបញ្ហានេះឱ្យបានលឿនបំផុត ជាពិសេសគឺមិនឱ្យមានផលប៉ះពាល់ដល់អ្នកប្រើប្រាស់ឡើយ។

បុគ្គលិកជាន់ខ្ពស់រូបនេះបានបន្តទៀតថា ចាប់តាំងពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យក្រុមហ៊ុន Huawei ពិបាកក្នុងការធ្វើពាណិជ្ជកម្មនៅលើ ទឹក ដី សហរដ្ឋអាមេរិក ប៉ុន្តែលោកបានបញ្ជាក់ថា សម្រាប់ទីផ្សារ ឬទឹកដីអឺរ៉ុប គឺ Huawei នៅតែមានឱកាសជានិច្ច ព្រោះការប្រើប្រាស់បច្ចេកវិទ្យានៅតែជាតម្រូវការ ជាពិសេសគឺ 5G ហើយនៅពេលនេះ មានក្រុមអ្នកវិនិយោគទុនជាច្រើន ដ៏ដូចជាក្រុមហ៊ុនឯកជនមួយចំនួនបាននិងកំពុងតែចាប់អារម្មណ៍ និងបន្តប្រើប្រាស់ បច្ចេកវិទ្យា 5G របស់ Huawei ដោយមិនបានព្រួយបារម្ភដូចការលើកឡើងរបស់សហរដ្ឋអាមេរិកនោះទេ៕