(ប៉ារីស)៖ ជំនួបរវាងក្រុមខ្លាំងនៅ Nations League បារាំង ប៉ះព័រទុយហ្គាល់ពីសំណាក់កីឡាករសំខាន់ៗធ្វើឲ្យការប្រកួតមានភាពទាក់ទាញមែនទែន បើទោះបីជាពុំមានគ្រាប់បាល់កើតឡើងក្នុងលទ្ធផល ០-០ ក៏ដោយនៃវគ្គសន្សំពិន្ទុប្រចាំ League A ក្រុម៣។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០។

ខ្សែប្រយុទ្ធមកពិក្លិបតោខៀវ Chelsea, Olivier Giroud មិនអាចរកគ្រាប់បាល់បន្ថែមលើចំនួន ៤២គ្រាប់ឲ្យក្រុមមាន់គកបារាំងបានឡើយ ដ្បិតខ្សែប្រយុទ្ធ Cristiano Ronaldo ក៏នៅរក្សា ១០១គ្រាប់សម្រាប់ម្ចាស់ជើងឯក Euro 2016 ព័រទុយហ្គាល់ដដែលដូចគ្នានៅកីឡដ្ឋាន Stade de France ស្ថិតក្នុងទីក្រុងប៉ារីស។

ក្នុងជំនួបដ៏ស្វិតស្វាញនេះដែរ ក៏មានអ្នកគាំទ្រចំនួន ១០០០នាក់ត្រូវបានអនុញ្ញាតឲ្យចូលទស្សនាក្នុងកីឡដ្ឋានផ្ទាល់ ផងដែរ ដែលជាជំហានដំបូងក្នុងការវិលត្រឡប់មកវិញ ក្រោយជួបវិបត្តិកូវីដ-១៩ អាក់ខានចាប់ពីខែមីនា ឆ្នាំ២០២០ មក។

នេះជាការប្រកួតលើកទី៣ ជើងទី១ សម្រាប់ក្រុមយក្សទាំងពីរនៅអឺរ៉ុប ដោយម្ចាស់ផ្ទះ ជាអតីតម្ចាស់ជើងឯក World Cup 2018 គ្រាដែលព័រទុយហ្គាល់ ជាម្ចាស់ពាន UEFA Nations League ដំបូងគេផងដែរកាលឆ្នាំ២០១៩ បន្ថែមលើពាន UEFA Euro 2016 ដែលពួកគេបានយកឈ្នះបារាំង ១-០ ក្នុងនាទីបន្ថែមនៅទឹកដី Stade de France នេះដូចគ្នា៕