(ភ្នំពេញ)៖ ខ្សែប្រយុទ្ធជួរមុខរបស់ក្រុមកំពង់ស្ពឺ-ណាហ្គាវើលដ៏ កញ្ញា យ៉ុន យ៉ើន បាននឹងកំពុងបង្ហាញភាពលេចធ្លោជាខ្លាំងក្នុងការប្រកួតជម្រើសជើងឯកបាល់ទាត់នារី ឆ្នាំ២០២០ ក្រោយបន្ដធ្វើបាន Hat-Trick (៣គ្រាប់) និងជួយក្រុមខ្លួនបន្ដជ័យជម្នះ ៣ប្រកួតជាប់ៗគ្នា បន្ទាប់ពីវាយបកយកឈ្នះក្រុមបាល់ទាត់នារីបឹងកេត ៨-១ នៅទីលានសាលាតម្រង់ទិសខេត្តកំពង់ស្ពឺ នៅថ្ងៃអាទិត្យ ទី១១ ខែតុលា។

ការប្រកួតក្រោមដំណក់ទឹកភ្លៀងពេញ ៩០នាទីខាងលើ ក្រុមភ្ញៀវបឹងកេត បានទទួលឱកាសទាត់បាល់ពិន័យ ១១ម៉ែត្រនាំមុខ ១គ្រាប់ នៅដើមវគ្គទី១។ បន្ទាប់មកក្រុមកំពង់ស្ពឺ-ណាហ្គា ក៏បានព្យាយាមដាក់សម្ពាធវិញ រហូតវាយបកបាន ៨គ្រាប់ ក្នុងនោះកីឡាការិនី យ៉ុន យ៉ើន និង ថុង ពិសី រកបានម្នាក់ ៣គ្រាប់ដូចគ្នា។ ជ័យជម្នះនេះដែរ បានធ្វើឲ្យក្រុមបុត្រសម្ព័ន្ធរបស់ក្លិបណាហ្គាវើលដ៏ បន្ដឈរកំពូលតារាង និងមាន ៩ពិន្ទុពេញតែម្តង។

ជាមួយការជួយក្រុមកំពង់ស្ពឺ-ណាហ្គាវើលដ៏ រក្សាកំណត់ត្រាមិនទាន់ស្គាល់ចាញ់ ឬស្មើនេះ យ៉ុន យ៉ើន ត្រូវបានអ្នកគាំទ្រកោតសរសើរមិនដាច់ពីមាត់ ចំពោះការបង្ហាញសមត្ថភាពលើទីលាន។ ពិសេស ៣ប្រកួតកន្លងមក នាងតែងធ្វើបាន Hat-Trick ក្នុងនោះប្រកួតដំបូង ពេលឈ្នះក្រុមកងយោធពលខេមរភូមិន្ទ ១៩-០ នាងរកបាន ៧គ្រាប់ និងពេលឈ្នះក្រុមព្រះខ័នរាជស្វាយរៀង ៥-៣ ក៏នាងរកបាន ៣គ្រាប់ មុនបន្ដរកបាន ៣គ្រាប់ទៀត ក្រោយឈ្នះក្រុមបឹងកេត ៨-១ ដើម្បីឈរកំពូលតារាង Top-Scorers ។

ក្រឡេកមកមើលលទ្ធផល ៣ប្រកួតផ្សេងទៀត ក្នុងសប្ដាហ៍ទី៣ នៃលីគបាល់ទាត់នារី ឆ្នាំ២០២០ កាលពីចុងសប្ដាហ៍កន្លងទៅ រួមមានក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ប្រកួតស្មើក្រុមភ្នំពេញក្រោន ៣-៣ គ្រាដែលព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមភ្ញៀវខេត្តកំពង់ឆ្នាំង ៦-១។ ចំណែកក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង បានលត់ក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ ដោយលទ្ធផល ១៦-២៕