(កូរ៉េ)៖ ជាថ្មីម្តងទៀត សម្រាប់ក្រុមចម្រៀងនារី K-POP ល្បីឈ្មោះ BLACKPINK បានបង្កើតកំណត់ត្រាថ្មី ដោយ Full អាល់ប៊ុមថ្មីរបស់ពួកគេ មានចំណងជើងថា «The Allbum» បានឈរនៅចំណាត់ថ្នាក់លេខ២ លើតារាងចម្រៀង Billboard 200 របស់អាមេរិក ដែលនេះជាចំណាត់ថ្នាក់មួយដ៏ខ្ពស់មិនធ្លាប់មានពីមុនមក របស់ក្រុមចម្រៀង K-POP នារី។ នេះបើតាមការចេញផ្សាយរបសសារព័ត៌មានកូរ៉េ allkpop នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។

ជាការកត់សម្គាល់ ការឡើងដល់ចំណាត់ថ្នាក់លេខ២ លើ Billboard 200 របស់អាមេរិក ពីសំណាក់ក្រុម BLACKPINK នៅពេលនេះ ត្រូវបានគេចាត់ទុកថា ជាកំណត់ត្រាទី២របស់ពិភពលោក សម្រាប់ក្រុមចម្រៀងនារី ដែលវាជាចំណាត់ថ្នាក់មួយដ៏ខ្ពស់មិនធ្លាប់មាន ចាប់តាំងពីឆ្នាំ២០១៨ បន្ទាប់ពីតារាចម្រៀងនារីអាមេរិក Daniy Kane ហក់ឡើងដល់លេខ១ ជាមួយចម្រៀងរបស់ពួកគេ «Welcome to the Doll House»។

គួរជម្រាបថា ក្រុមចម្រៀង K-POP នារី BLACKPINK បានបន្តកសាងប្រជាប្រិយភាពរបស់ពួកគេពីមួយថ្ងៃទៅមួយថ្ងៃ ដោយទាញបានការចូលចិត្តជាច្រើន ពីអ្នកគាំទ្រជុំវិញពិភពលោក។ ដំបូងឡើយកាលពីឆ្នាំ២០១៨ ចម្រៀងរបស់ពួកគេ «Square Up» បានឈរនៅលេខរៀងទី៤០ ក្រោយមកបទចម្រៀង «Kill This Love» ដែលបញ្ចេញកាលពីឆ្នាំមុន បានឈរនៅលេខរៀងទី២៤ រហូតមកទល់នឹងពេលនេះអាល់ប៊ុមរបស់គេ ស្រាប់តែហក់ដល់លេខ២ ដែលនេះប្រៀបបាននឹងភាពជោគជ័យដ៏ធំមួយ សម្រាប់ការប្រឹងប្រែងរបស់ពួកគេ ក្នុងនាមក្រុមចម្រៀង K-POP៕