(សៀមរាប)៖ នាពាក់កណ្ដាលសតវត្សរ៍ទី១១ ព្រះបាទឧទយាទិត្យវរ្ម័នទី២ (១០៤៩-១០៦៦) បានស្ថាបនាប្រាសាទមេបុណ្យខាងលិចឡើង តាមរចនាប័ទ្មបាភួននៅលើកោះតូចមួយ កណ្តាលបារាយណ៍ទឹកថ្លា ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនា។

ប្រាសាទមេបុណ្យខាងលិចនេះ មានលក្ខណៈពិសេសប្លែកម្យ៉ាង ដោយសារសំណង់ប្រាសាទមានទំហំ១០០ ម៉ែត្របួនជ្រុង មានកំពែងមួយជាន់ និងមានសំណង់ថ្មភក់រាងមូល ប្រៀបដូចជាអណ្ដូងទឹកដែលមានអង្កត់ផ្ចិត៣ម៉ែត្រ ស្ថិតនៅចំកណ្ដាលស្រះទឹកក្នុងប្រាសាទ។ ឯកំពែងខាងកើត ស្ថាបត្យករបានរចនាជាថែវរំលេចដោយក្បាច់រចនាយ៉ាងស្អាត មានបង្អួចចំហ និងគោបុរៈចំនួន៣ ដែលធ្វើពីថ្មពណ៌ផ្កាឈូក។

ក្នុងឆ្នាំ១៩៣៦ ការធ្វើកំណាយស្រាវជ្រាវបានរកឃើញបដិមារូបព្រះវិស្ណុផ្ទំមួយកំណាត់ព្រះកាយខាងលើ យ៉ាងធំនៅកណ្ដាលប្រាសាទ។ ព្រះកាយព្រះវិស្ណុមួយកំណាត់ខាងលើនេះ ធ្វើអំពីសំរឹទ្ធ មានព្រះហស្ថស្ដាំពីរ ព្រះសីសៈ និងដើមទ្រូង។ កំណាត់ព្រះកាយដែលគេប្រទះឃើញនេះ មានកម្ពស់ ១២២ សង់ទីម៉ែត្រ ប្រវែង ២២២ សង់ទីម៉ែត្រ និងទទឹង៧២.៥ សង់ទីម៉ែត្រ។

ព្រះបដិមានេះជាភស្ដុតាងសិល្បៈធំជាងគេ ដែលធ្វើពីលោហៈនៅក្នុងតំបន់អង្គរ ហើយប្រសិនបើនៅមានរូបរាងពេញទម្រង់ប្រហែលជាមានប្រវែងជាង ៤ ម៉ែត្រ។ បច្ចុប្បន្ន ព្រះបដិមានេះតម្កល់ទុកនៅសារមន្ទីរជាតិភ្នំពេញ។

ប្រាសាទមេបុណ្យខាងលិចនេះស្ថាបនា នៅចំកណ្ដាលបារាយណ៍ទឹកថ្លា ដោយយកលំនាំតាមដំណើររឿងកូរសមុទ្រទឹកដោះ នៃការបង្កើតភពថ្មី។ តាមដំណើររឿងថា ព្រះវិស្ណុទ្រង់ផ្ទំធ្វើសមាធិលើនាគអនន្តៈ បណ្ដែតខ្លួនលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយអស់កាលយ៉ាងយូរ ដើម្បីបង្កើតឱ្យមានភពផែនដីថ្មីសម្រាប់សត្វលោករស់នៅ។ បន្ទាប់មក មានផ្កាឈូកមួយដើមដុះចេញពីផ្ចិតរបស់ព្រះអង្គ ហើយនៅលើផ្កាឈូកនោះមានលេចចេញនូវព្រះព្រហ្ម ដែលទ្រង់កំពុងគង់ធ្វើសមាធិដើម្បីបង្កើតភពថ្មីនោះឯង។ ហេតុនេះហើយទើបព្រះបាទឧទយាទិត្យវរ្ម័នទី២ ស្ថាបនាបដិមាព្រះវិស្ណុផ្ទំតម្កល់នៅកណ្ដាលប្រាសាទ ដើម្បីឱ្យស្របនឹងតម្រាទេវកថានេះ៕

សូមចូលទៅកាន់ Link នេះ៖ https://goo.gl/maps/pbJbiE3VYZzCeEyF6