(ភ្នំពេញ)៖ ទើបតែលាចាកសិក្ខាបទមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែលោក ជា វិបុល បានដឹកដៃភរិយារបស់ខ្លួនទៅបើកសម្ពោធ គម្រោងដីឡូតិ៍មួយកន្លែងជាមួយដៃគូថ្មី ដែលគេស្គាល់ថា ជាប្អូនប្រុសបង្កើតរបស់លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា គឺលោក ឡេង និមល។ ពិធីសម្ពោធមុខជំនួញថ្មីក្រោមទុនរាប់សិបម៉ឺនដុល្លារនេះ បានធ្វើឡើង កាលពីថ្ងៃអាទិត្យ ទី១១ ខែតុលា កន្លងមកនេះ នៅឯទីតាំងដីផ្ទាល់តែម្ដង តាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទឹកដីភូមិព្រៃទទឹង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

លោក ជា វិបុល បានឱ្យដឹងថា នេះជាលើកដំបូងហើយ ដែលលោកបានបោះទុនប្រាក់ផ្ទាល់ខ្លួន ក្នុងគម្រោងលក់ដីឡូតិ៍។ ទាំងនេះក៏ដោយសារតែ លោកព្រមទាំងភរិយាបានធ្វើការងារជាមួយលោក ឡេង និមល ច្រើនលើកមកហើយ ឃើញថា ទីផ្សារអចលនទ្រព្យពិសេសដីឡូតិ៍មានទីផ្សារខ្លាំង ជាឱកាសមិនអាចបង្អង់យូរបានគួបផ្សំដៃគូរបស់លោក ជាមនុស្សល្អយល់ចិត្តគ្នានឹងជាក្រុមហ៊ុន មួយមានកេរ្តិ៍ឈ្មោះល្អអតិថិជនមានទំនុកចិត្ត ទើបលោកព្រមទាំងភរិយា បានសម្រេចចិត្តចូលហ៊ុនរកស៊ីជាមួយគ្នាតែម្ដង។

បច្ចុប្បន្នទីតាំងគម្រោងដីឡូតិ៍ខាងលើ ជាទីតាំងល្អសម្រាប់បងប្អូនដែលបានដីឡូតិ៍ សាងសង់ផ្ទះស្នាក់នៅឬផ្ទះជួលជាដើម បានយ៉ាងល្អប្រសើរ ត្បិតជុំវិញដំបន់នោះជាតំបន់ប្រកបដោយសក្ដានុពល ជាប់ផ្លូវជាតិមានផ្សារ និងរោងចក្រជាច្រើន។

មុនឈានដល់ការចាប់ដៃគូ រកស៊ីជាមួយលោក ជា វិបុល នឹងអ្នកនាង គង់ សុជាតិ នេះ លោក ឡេង និមល បានឱ្យដឹងនៅក្នុងថ្ងៃសម្ពោធបើកគម្រោងដីឡួតិ៍នោះថា ផ្ដើមឡើងដោយការធ្វើការជាមួយគ្នា ហើយអ្នកទាំងពីជាអាយដលរបស់លោកផងនោះ ក៏ឈានដល់ទំនាក់ទំនង កាន់តែស្និទ្ធស្នាល កើតចេញជាមុខជំនួញនេះឡើងតែម្ដង។ ជាជំហានដំបូងប្អូនប្រុសរបស់លោក ឧកញ៉ា ឡេង ណាវ៉ាត្រា រូបនេះឲ្យដឹងថា អ្នកទាំងពីរសាកល្បងលើដីចំនួន ១០ហិចតាសិន ប្រសិនបើជោគជ័យពួកគេ នឹងបន្តនៅមុខជំនួញដីឡូតិ៍នេះជាបន្តបន្ទាប់ទៀត។ ក្នុងដីគម្រោង ១០ហិចតាត្រូវបានពុះចេញជាង១០០០ឡូតិ៍ មានប្រព័ន្ធលូ ទឹក ភ្លើង និង សួនច្បាជាដើម។ ក្នុង១ឡូតិ៍លក់ចេញចាប់ពីជាង ៣៥០០ ដុល្លាររហូតដល់ជាង ១ម៉ឺនដុល្លារ មានការបង់រំលោះត្រឹមតែ ៨០ដុល្លារក្នុង១ខែប៉ុណ្ណោះ គឺពិតជាងាយស្រួលសម្រាប់បងប្អូន ដែលមានចំណូលទាប។ បច្ចុប្បន្ន គ្រាន់តែប្រកាសលក់ចេញនោះ ដីមួយចំនួនត្រូវបានអតិថិជន ទិញអស់មួយចំនួនធំទៅហើយ។ បន្ទាប់ថ្ងៃប្រកាសនៅគម្រោងដីឡូតិ៍ជា លើកដំបូងនេះ សម្រាប់អតិថិជនដែលទិញក្នុង ពេលនេះនឹងទទួលបានការបញ្ចុះតម្លៃ និងមានជូននូវទូទឹកកក និងទូរទស្សន៍ ម៉ាស៊ីន បោកគក់ជាដើម។

ជាមួយនឹងការបោះហ៊ុនរកស៊ីជាមួយគ្នា ជំហានដំបូងសម្រាប់លោក ជា វិបុល និង លោក ឡេង និមល បានរំពឹងថា គម្រោងដីឡូតិ៍នេះនឹងទទួលបានជោគជ័យ ពីព្រោះទីតាំង ដូចបានបញ្ជាក់ខាងលើ ជាកន្លែងរស់នៅប្រកបដោយសក្តានុពលជាប់ផ្លូវជាតិ មានផ្សារ និងរោងចក្រជាច្រើន។ លោក ឡេង និមល ក៏ដូចជាលោក ជា វិបុល មិនបានបញ្ជាក់អំពីទឹកប្រាក់ដែលពួកគេបានបោះទុន នៅលើគម្រោងដីឡូតិ៍១០ហិចតានោះទេ ដោយអ្នកទាំងពីរគ្រាន់តែបង្ហើបយ៉ាងខ្លីថា គឺច្រើនគួរសម ប្រសិនបើគិតលើទីផ្សារបច្ចុប្បន្ន ដីលើតំបន់នេះ ហើយក្នុងនោះអ្នកទាំងពីរបានចូលហ៊ុនគ្នាម្នាក់ពាក់កណ្ដាល៕