(ភ្នំពេញ)៖ ភោជនីយដ្ឋានបែបជប៉ុន ដែលមានឈ្មោះថា Cambodia DOZO បានរៀបចំពិធីសម្ពោធជាផ្លូវការ ហាងដំបូងរបស់ខ្លួនក្នុងរាជធានីភ្នំពេញ ដែលមានទីតាំងនៅផ្សារទំនើប The One Mall សង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ នាថ្ងៃទី១០ ខែតុលាឆ្នាំ ២០២០ ដោយអញ្ជើញឲ្យភ្ញៀវកិត្តិយសជាច្រើន បានភ្លក់នូវរសជាតិមុខម្ហូបពិសេសៗរបស់ខ្លួន។

ភោជនីយដ្ឋាន Cambodia DOZO បង្កើតឡើង ក្នុងគោលបំណងផ្តល់ជូន នូវបទពិសោធន៍ថ្មីនៃរសជាតិម្ហូបអាហារបែបជប៉ុន ដ៏ឈ្ងុយឆ្ងាញ់មិនធ្លាប់មានពីមុនមក ដល់ប្រជាជនកម្ពុជា ក៏ដូចជាជនបរទេសទូទៅផងដែរ។

លោក Chris Huang នាយកប្រតិបត្តិ ភោជនីយដ្ឋាន Cambodia DOZO បានថ្លែងយ៉ាងដូច្នេះថា «យើងពិតជាមានសេចក្តីរំភើបរីករាយបំផុត ក្នុងការនាំយកនូវរសជាតិម្ហូបអាហារបែបជប៉ុន ជូនដល់អតិថិជនទាំងអស់ មិនថាគាត់អញ្ជើញមកតែម្នាក់ឯង ឬជាលក្ខណៈគ្រួសារនោះទេ យើងនឹងផ្តល់ឱ្យពួកគាត់នូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានជាមួយរសជាតិមុខម្ហូបពិសេសៗរបស់យើង។ យើងយល់ច្បាស់ពីរសជាតិ ដែលអតិថិជនទាំងអស់ចង់បាន ដូច្នេះហើយរាល់បញ្ជីមុខម្ហូបទាំងអស់នៅ DOZO សុទ្ធតែបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់បំផុតសម្រាប់ពួកគាត់។ សម្រាប់មុខម្ហូបពិសេសៗ ប្រចាំភោជនីយដ្ឋាន DOZO របស់យើងមានដូចជា Caramelized Salmon Pressed Sushi, Diced Beef Garlic, Flavor Charcoal និង Crunchy Deep-Fried Chicken Carlilage ជាដើម។ យើងសន្យាផ្តល់នូវរសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់ និងអាហារពិសេសៗបែបជប៉ុន ជូនដល់មហាជនទូទៅក្នុងរាជធានីភ្នំពេញនេះ»។

លោកនាយកប្រតិបត្តិបានបន្ថែមថា «បេសកកម្មរបស់យើង គឺនាំយករសជាតិម្ហូបអាហារជប៉ុន ជូនដល់ប្រជាជនកម្ពុជា ក៏ដូចជាប្រទេសផ្សេងៗទៀត ក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ យើងនឹងផ្តល់សេវាកម្មម្ហូបអាហារ ដែលមានគុណភាព មានអនាម័យខ្ពស់ ក៏ដូចជាការកម្សាន្តផ្សេងៗ នៅក្នុងប្រទេសកម្ពុជាផងដែរ។ អំឡុងពេលសម្ពោធ យើងក៏បានផ្តល់ជូនភ្ញៀវកិត្តិយស ដែលបានអញ្ជើញចូលរួមជាង ២៥០នាក់ ឲ្យបានភ្លក់រសជាតិអាហារពិសេសៗ រួមនឹងស្រាបៀរដោយឥតគិតថ្លៃផងដែរ»។

ភោជនីយដ្ឋាន DOZO តុបតែងតាមគំរូរចនាប័ទ្ម ភោជនីយដ្ឋានជប៉ុន ដោយបង្ហាញពីទិដ្ឋភាពប្លែកៗ ដែលជាគំនិតច្នៃប្រឌិតរបស់ជនជាតិជប៉ុន និងបញ្ចូលនូវបញ្ជីឈ្មោះមុខម្ហូបពិសេស ដែលឆ្លុះបញ្ចាំងពិអត្តសញ្ញាណរបស់ DOZO។ ការរចនា និងតុបតែនៅក្នុងហាងទាំងមូល គឺមានលក្ខណៈពិសេស និងមានភាពប្រណីត ដើម្បីបង្កើតឲ្យបាននូវយុគសម័យអេដូ នៃទេសភាពតាមដងផ្លូវរបស់ជប៉ុន បញ្ចូលជាមួយភាពទំនើប និងនិមិត្តរបស់ជប៉ុន។ ភោជនីយដ្ឋាន DOZO បើកដំណើរការរយៈពេល៧ថ្ងៃ ក្នុងមួយសប្តាហ៍ ចាប់ពីម៉ោង ៥ល្ងាចរហូតដល់ពាក់កណ្តាលអធ្រាត្រ៕