(អឺរ៉ុប)៖ ក្រុមនិយ័តកររបស់សហភាពអឺរ៉ុបកំពុងរៀបចំ បញ្ជីមួយនៃក្រុមហ៊ុនបច្ចេកវិទ្យា-អ៉ីនធើណិតធំៗនៅលើពិភពលោក គឺអាចមានដូចជា Facebook, Apple, Amazon និង Google ជាដើម ដែលនឹងត្រូវប្រឈមមុខជាមួយច្បាប់ថ្មីៗហើយតឹងរ៉ឹងជាងមុន ដើម្បីកាត់បន្ថយអំណាចដ៏លើសលុបរបស់ក្រុមហ៊ុនទាំងនោះនៅក្នុងទីផ្សារ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Financial Times នៅថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០។

ប្រភពដដែលបានបញ្ជាក់ថា បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗដែលជាប់ឈ្មោះក្នុងបញ្ជីរបស់ EU នឹងត្រូវគោរពតាមច្បាប់ដែលតឹងរ៉ឹងខ្លាំងជាង បើប្រៀបធៀបជាមួយនឹងក្រុមហ៊ុនតូចៗ ដែលជាគូប្រជែង ខណៈច្បាប់ថ្មីៗរបស់សហភាពអឺរ៉ុប នឹងតម្រូវឲ្យពួកគេចែករំលែកទិន្នន័យជាមួយគូប្រជែង ហើយបង្កើនតម្លាភាពពាក់ព័ន្ធនឹងវិធីសាស្រ្តនៃការប្រមូលទិន្នន័យអ្នកប្រើប្រាស់របស់ពួកគេ។

គួរជម្រាបថា យោងតាម Financial Times បញ្ជីខាងលើនឹងត្រូវរៀបចំឡើង ដោយផ្នែកទៅលើកត្តាមួយចំនួន ដូចជាចំណែកក្នុងទីផ្សារ និងចំនួនអ្នកប្រើប្រាស់ជាដើម ប៉ុន្តែការកំណត់ថាតើនឹងមានក្រុមហ៊ុនចំនួនប៉ុន្មាន ហើយមានលក្ខខណ្ឌវិនិច្ឆ័យជាក់លាក់អ្វីខ្លះនោះ គឺកំពុងស្ថិតក្រោមការពិភាក្សានៅឡើយ៕