(ម៉ាឌ្រីដ)៖ លោក Javier Tebas ប្រធានក្របខណ្ឌបាល់ទាត់ LaLiga បានថ្លែងគេហទំព័រ Live Score ចំៗថា លីគកំពូលអេស្ប៉ាញនៅតែមានប្រជាប្រិយភាពដដែល បើទោះបីជាមាន Lionel Messi ឬក៏គ្មានក៏ដោយ។

លោកថា «យើងបានចុះកិច្ចសន្យាលក់សិទ្ធិផ្សាយបន្តផ្ទាល់ទៅកាន់ពិភពលោកក្នុងរយៈពេល ៤ឆ្នាំទៅមុខរួចរាល់ ហើយក៏ពុំទទួលបានភាគីណាមួយស្នើសុំលុបកិច្ចសន្យានៅពេលលេចលឺដំណឹងថា Messi ចង់ចាកចេញពីទឹកដីអេស្ប៉ាញនោះដែរ»

ផ្ទុយទៅវិញ លោក Tebas ក៏បានទទួលស្គាល់ថា កីឡាករអន្តរជាតិអាហ្សង់ទីន Lionel Messi ជាកីឡាករដ៏មានឥទ្ធិពលមួយរូបរបស់ Barcelona តែមិនប្រាកដថា «គ្រប់យ៉ាងដើរទៅមុខបាន ដោយមាន Messi នោះទេ»

នេះជាការព្រមានលើកទី២ ទាក់ទងទៅនឹងអនាគតរបស់កីឡាករឆ្នើមដែលលេងឲ្យក្លិបក្នុងក្របខណ្ឌ LaLiga ក្រោយពេលរូបលោកបានលើកឡើងស្រដៀងគ្នានេះដែរកាលពីចុងឆ្នាំ២០១៨ បន្ទាប់ពីកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ផ្ទេរចេញពីក្លិប Real Madrid ទៅកាន់ Juventus របស់អ៉ីតាលី ក្រោយពេលប្រឈមមុខជាមួយ Lionel Messi អស់រយៈពេល ៩រដូវកាលរួចមក៕