(ភ្នំពេញ)៖ បងប្រុសបង្កើតរបស់លោក ឧកញ៉ា ឡេង ណាវ៉ាត្រា មានឈ្មោះថាឧកញ៉ា ឡេង ប្រុស ជាប្រធានក្រុមហ៊ុនណាវ៉ាត់ត្រាខ្នាតយក្ស បានប្រកាសឲ្យដឹងថា រូបលោកនឹងឧបត្ថម្ភនូវទឹកប្រាក់ ៥០០០ដុល្លារអាមេរិក ដល់អាជ្ញាធរ ដែលកំពុងជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់។ ជាពិសេសកម្លាំងជួយសង្គ្រោះ ក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់។

លោកឧកញ៉ា ឡេង ប្រុស បានថ្លែងប្រាប់ Fresh News Plus នៅមុននេះបន្តិចឲ្យដឹងថា លោកពិតជាបាន ឧបត្ថម្ភដល់កងកម្លាំង ក្រុមសង្គ្រោះ និងពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន៥០០០ដុល្លារ ពិតមែន ដោយថវិកាទាំងនេះ បានទម្លាក់ដល់ដៃរបស់បងប្អូនកងកម្លាំង រួចរាល់អស់ហើយ ។

ជាមួយគ្នានេះ លោកឧកញ៉ា ឡេង ប្រុស ក៏បានអំពាវនាវដល់បងប្អូនទាំងអស់ ដែលមានធនធាន មេត្តាជួយចូលរួមចំណែកជួយគ្នា ក្នុងគ្រាលំបាកនេះ ព្រោះដើម្បីជាការចែករំលែក និងផ្ដល់នូវកម្លាំងចិត្ត ដល់បងប្អូនកងកម្លាំង ដែលកំពុងជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះធម្មជាតិនេះ។

លោកឧកញ៉ា ឡេង ប្រុស បញ្ជាក់បន្ថែមថា ទឹកប្រាក់ ៥.០០០ដុល្លារ ជូនដល់បងប្អូនអាជ្ញាធរដែលកំពុងតែជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ក្នុងនោះថវិកា ២.០០០ដុល្លារ សម្រាប់កងទ័ពជើងគោក ១.៥០០ដុល្លារ សម្រាប់រដ្ឋបាលខេត្តពោធិ៍សាត់ និងថវិកា ១.៥០០ដុល្លារ ទៀតសម្រាប់រដ្ឋបាលខេត្តបាត់ដំបង ។

លោកឧកញ៉ា ក៏បានអំពាវនាវដល់បងប្អូនកងកម្លាំងទាំងអស់ និងប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ពេលកំពុងជួបប្រទះគ្រោះទឹកជំនន់នេះ ជៀសវាងមានហេតុការណ៍ណាមួយកើតឡើង ដោយមិនបានព្រៀងទុក៕