(បាងកក)៖ មជ្ឈមណ្ឌលស្រាវជ្រាវរថយន្តរបស់ថៃ បានឲ្យដឹងថា ផលិតកម្មរថយន្តប្រចាំខែរបស់ប្រទេស នៅក្នុងខែសីហា បានកើនឡើងលើស១០០,០០០គ្រឿង ដែល នេះជាចំនួនលើកដំបូង បន្ទាប់ពីមានការផ្ទុះឡើង ពីវីរ៉ុសឆ្លង COVID-19, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ។

មជ្ឈមណ្ឌលស្រាវជ្រាវរថយន្តជំនាន់ក្រោយ បានប្រាប់ឲ្យដឹងតាមរបាយការណ៍ថា រថយន្តចំនួន១១៧,២៥៣គ្រឿង ត្រូវបានផលិតឡើង នៅក្នុងប្រទេសថៃ នាខែសីហា ដែលនេះគឺជាលើកដំបូង ដែលបានកើនឡើងលើស១០០,០០០គ្រឿង ចាប់តាំងពីជំងឺឆ្លងថ្មីនេះ បានផ្ទុះឡើង។

របាយការណ៍ដដែល បានឲ្យដឹងដែរថា ទោះបីចំនួនបានកើនលើស១០០,០០០គ្រឿងក្តី ប៉ុន្តែតួរលេខនេះ បានធ្លាក់ចុះ៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតែការធ្លាក់ចុះ នៅក្នុងការលក់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

ការលក់រថយន្តក្នុងស្រុក បានធ្លាក់ចុះ១៥ភាគរយ នៅក្នុងឆ្នាំនេះ។

គួរជម្រាបថា ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំនេះ, ថៃ បានផលិតរថយន្តចំនួន៨១២,៧១២គ្រឿង ក្នុងនោះ៤៥៦,៨៥៨គ្រឿង បានលក់ក្នុងស្រុក និង៤៥៧,៥១៦គ្រឿង បាននាំចេញទៅក្រៅប្រទេស៕