(ប្រុចសែល)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Kevin De Bruyne បានចាកចេញពីក្រុមជម្រើសជាតិប៊ែលហ្សិក ដើម្បីធ្វើដំណើរមកក្លិប Manchester City វិញ បន្ទាប់ពីមានបញ្ហារបួសតិចតួចក្នុងជំនួបទល់នឹងអង់គ្លេសកាលពីរាត្រីថ្ងៃអាទិត្យ ដែលធ្វើឲ្យរូបគេខកខានពេលបិសាចក្រហម ប៉ះម្ចាស់ផ្ទះអ៉ីស្លង់នៅ Nations League រាត្រីស្អែកនេះផងដែរ។

កីឡាករវ័យ ២៩ឆ្នាំ De Bruyne ត្រូវបានប្តូរចេញនៅនាទី៧៣ ក្នុងជំនួបដែលក្រុមបិសាចក្រហមប៊ែលហ្សិក ចាញ់ម្ចាស់ផ្ទះអង់គ្លេស ២-១ នៅកីឡដ្ឋាន Wembley នារាត្រីថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០ ក្នុងប្រកួតទី៣ នៅ UEFA Nations League 2020-2021។

ប៊ែលហ្សិក មាន ៦ពិន្ទុតាមពីក្រោយក្រុមកំពូលតារាងតោកំណាចអង់គ្លេស ១ពិន្ទុក្នុងចំណោម ៣ប្រកួតនៅ Nations League ដែលត្រូវបានប៉ះក្រុមបាតតារាងអ៉ីស្លង់នារាត្រីថ្ងៃទី១៤ ឈានចូលថ្ងៃទី១៥ ខែតុលា ក្នុងប្រកួតទី៤ នៃវគ្គសន្សំពិន្ទុប្រចាំពូល A3 ស្របពេលអង់គ្លេស ក៏ត្រូវស្វាគមន៍ដាណឺម៉ាកនៅកីឡដ្ឋាន Wembley បន្តទៀតដែរ។

De Bruyne និងមិត្តរួមក្រុម Raheem Sterling ទំនងជាខកខានពេល Man City ប៉ះ Arsenal ចុងសប្តាហ៍នេះនៅ Premier League បន្ទាប់ពីបានចាកចេញពីជំរំហ្វឹកហាត់ដោយសារបញ្ហារបួសដូចគ្នាមក៕