(ក្រុងឡុងដ៍)៖ ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League បានបន្តរកឃើញមាន ៥ករណីថ្មីទៀតនៃជំងឺ Covid-19 ទៅលើមន្រ្តី និងកីឡាករក្នុងការធ្វើតេស្តរយៈពេល ១សប្តាហ៍ទៅលើមនុស្សចំនួន ១១២៨នាក់ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០។

តាមរយៈព័ត៌មានពី BBC បានចេញផ្សាយនៅថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០ ឲ្យដឹងថា ករណីវិជ្ជមានបានកើនដល់ ៩នាក់ហើយបន្ថែមលើការធ្វើតេស្តដែលត្រូវបានរកឃើញ ៤ករណីផ្សេងទៀតនៅចន្លោះថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា។

ករណីវិជ្ជមានទាំងអស់នោះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេចំនួន ១០ថ្ងៃផងដែរដើម្បីព្យាបាល និងបង្ការឆ្លងទៅអ្នកឯទៀត ដ្បិតជំងឺតាមផ្លូវដង្ហើមប្រភេទថ្មីនេះ ពុំទាន់រកថ្នាំព្យាបាលឃើញឲ្យពិតប្រាកដនៅឡើយទេ៕