(ក្រុងកៀវ)៖ លោក Luis Enrique អ្នកចាត់ការទូទៅនៃក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញបានចាត់ទុកថា Rafael Nadal ជាមោទនភាពមួយសម្រាប់អេស្ប៉ាញ បន្ទាប់ពីរូបគេបាននាំយកពាន French Open 2020 ទៅកាន់ប្រទេសនៅទ្វីបអឺរ៉ុបមួយនេះកាលពីថ្ងៃចន្ទម្សិលមិញ។

ថ្លែងក្នុងសន្និសីទព័ត៌មាននាថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០ មុនដឹកនាំអេស្ប៉ាញ ប៉ះអ៊ុយក្រែននៅ Nations League លោក Enrique បានលើកឡើងថា «ជួសមុខឲ្យសហព័ន្ធបាល់ទាត់អេស្ប៉ាញ ខ្ញុំសូមអបអរសាទរមែនទែន ចំពោះសមិទ្ធផលដែល Nadal ធ្វើបាន និងគោរពចំពោះគូប្រជែងរបស់គាត់ផងដែរ។ គាត់គឺជាមោទនភាពមួយសម្រាប់ជាតិទាំងមូល និងផ្តល់ឲ្យយើងនូវមេរៀនជីវិតទៀតផង»

Nadal ដែលកើនវ័យ ៣៤ឆ្នាំទៅហើយនោះ បានយកឈ្នះគូប្រជែង Novak Djokovic ដែលឈរនៅចំណាត់ថ្នាក់លេខ១ ពិភពលោកក្នុងលទ្ធផលពិន្ទុ ៦-០ ៦-២ និង ៧-៥ នៃវគ្គផ្តាច់ព្រ័ត្រកាលពីរាត្រីថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០ នៅទីលានដីឥដ្ឋ Roland Garros ដើម្បីយកពាន French Open លើកទី១៣ មកកាន់ប្រទេសអេស្ប៉ាញ។

បច្ចុប្បន្ន Rafael Nadal បានកំពុងកាន់កំណត់ត្រាប្រកួតបាន ៩៩៩ដងគ្រប់កម្មវិធី ដោយចាញ់តែ ២០១ដងតែប៉ុណ្ណោះ ឈ្នះបានពានសរុប ៨៦ពាន ក្នុងនោះក៏រាប់បញ្ចូលទាំងពានក្នុងកម្រិត Grand Slam ចំនួន ២០ដងទៀតផង៕