(ភ្នំពេញ)៖ គណៈអចិន្ដ្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅថ្ងៃទី១៣ ខែតុលានេះ បានបន្ដបើកកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ខ្លួននៅទីស្នាក់ការ NOCC ដោយផ្ដោតលើរបៀបវារៈសំខាន់ៗចំនួន២ ទី១-បន្ដពិភាក្សា និងត្រួពិនិត្យលើវឌ្ឍនភាព គណៈកម្មការរៀបចំពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេម និងទី២-ការរៀបចំផែនការរត់ភ្លើងគប់។

កិច្ចប្រជុំនេះធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC ហើយក៏មានការចូលរួមពីមន្ដ្រីជំនាញក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ ដើម្បីសិក្សាលម្អិតលើផែនការរៀបចំពិធីបើក-បិទ ដែលត្រូវបង្ហាញពីអរិយធម៌ដ៏រុងរឿងរបស់ខ្មែរតាំងពីបុរាណ រហូតដល់បច្ចុប្បន្នផង និងរំលេចចេញដល់នយោបាយឈ្នះៗដែលជាកាលរុងរឿងសម័យតេជោបច្ចុប្បន្នផង។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា ស្មារតីអង្គប្រជុំបានសង្កត់ធ្ងន់ក្នុងពិធីបើក-បិទស៊ីហ្គេម ឆ្នាំ២០២៣ ត្រូវបង្ហាញភាព «ឯក» នៅក្នុងវប្បធម៌-អរិយធម៌ខ្មែរ។

លោកថា «ការបង្ហាញក្នុងពិធីបើក-បិទនេះ យើងត្រូវសង្កត់ធ្ងន់ទៅលើការបង្ហាញពីមូលដ្ឋានគ្រឹះភាពអស្ចារ្យ នៃអរិយធម៌ វប្បធម៌របស់យើង ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងរៀបចំនូវភាពលម្អិត ដើម្បីបង្ហាញចេញនូវភាព (ឯក) ក្នុងវប្បធម៌ខ្មែរ»។

ដោយហេតុនេះ គណៈកម្មការជំនាញនៃគណៈអចិន្ដ្រៃយ៍ CAMSOC បានរៀបចំនូវប្រក្រតិទិនពិធីបើក-បិទមួយដ៏ច្បាស់លាស់ សម្រាប់ដាក់ឆ្លងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដើម្បីពិនិត្យ និងសម្រេចចុងក្រោយ ហើយប្រក្រតិទិននោះ គឺមានលំដាប់លំដោយ ជាប្រយោជន៍ផ្ដល់ភាពងាយស្រួលក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារ។

ចំពោះការរត់ភ្លើងគប់ស៊ីហ្គេមវិញ CAMSOC ក៏កំពុងរៀបចំផែនការ ដើម្បីជំរុញការងារឲ្យដើរទន្ទឹមគ្នា ពិសេសការត្រៀមប្រារព្ធពិធីសុំភ្លើងអាទិទេព រួចហើយត្រូវរត់ចេញពីកម្ពុជា ទៅបណ្តាប្រទេសទាំង ១០ផ្សេងទៀត ដែលជាសមាជិកអាស៊ីអាគ្នេយ៍ ហើយរត់ចូលមកកម្ពុជាវិញ រហូតដល់ថ្ងៃបើកការប្រកួតផ្លូវការ នៃព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ លោក វ៉ាត់ ចំរើន បញ្ជាក់បន្ថែម៕