(អាមេរិក)៖ ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg និងភរិយាលោកស្រី Priscilla Chan បានប្រកាសថា នឹងបរិច្ឆាគនូវទឹកប្រាក់ចំនួន ១០០លានដុល្លារអាមេរិក សម្រាប់គាំទ្រដល់ការបោះឆ្នោតនៅសហរដ្ឋអាមេរិកនាខែវិច្ឆិកាខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។
«យើងបានទទួលព័ត៌មានមកថា ការរៀបចំការបោះឆ្នោតនៅសហរដ្ឋអាមេរិកត្រូវការថវិកាខ្ពស់ជាងការរំពឹងទុក ដូច្នេះនៅថ្ងៃនេះ យើងនឹងបរិច្ឆាគទឹកប្រាក់ ១០០លានដុល្លារអាមេរិក សម្រាប់គាំទ្រដល់ការបោះឆ្នោត ហើយយើងសង្ឃឹមថា ថវិកានេះនឹងជួយឱ្យពលរដ្ឋអាមេរិកបោះឆ្នោតបានដោយសុវត្ថិភាព»។ នេះជាសម្ដីរបស់លោក Mark Zuckerberg បានថ្លែងនៅលើ Facebook Page ផ្ទាល់ខ្លួន។
គួរបញ្ជាក់ផងដែរថា មហាសេដ្ឋីវ័យក្មេងរូបនេះ ក៏ធ្លាប់បានបរិច្ឆាគនូវទឹកប្រាក់ ៣០០លានដុល្លារអាមេរិកសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរីករាលដាល់កូវីដ-១៩ ព្រមទាំងបានជួយនូវនៅក្នុងវិស័យមនុស្សធម៌ជាច្រើនទៀត៕