(ក្រុងគៀវ)៖ ក្រុមខ្លាំងគោជល់អេស្ប៉ាញ បានរងបរាជ័យលើកដំបូងក្នុងពាន UEFA Nations League 2020-2021 ក្រោមថ្វីជើងរបស់អ៊ុយក្រែនក្នុងលទ្ធផល ១-០ ក្នុងប្រកួតទី៤ ប្រចាំពូល A4 គ្រាដែលឥន្រ្ទីដែកអាល្លឺម៉ង់ បានត្រឹមស្មើ ៣-៣ ជាមួយក្រុមភ្ញៀវស្វីស។
នេះក៏ជាការបាត់បង់ ៣ពិន្ទុលើកដំបូងផងដែរក្នុងការប្រកួតក្រៅដី បន្ទាប់ពីយកឈ្នះស្វីស ១-០ ក្នុងប្រកួតទី៣ បន្ថែមលើជ័យជម្នះ ៤-០ ទៅលើអ៊ុយក្រែនកាលពីជើងទី១ និងស្មើ ១-១ ជាមួយអាល្លឺម៉ង់នៅថ្ងៃបើកឆាក។
កីឡាករ Tsygankov ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទី៧៦ ក្រោយទទួលបានពីមិត្តរួមក្រុម Yarmolenko ដែលមានអ្នកចាំទី David de Gea មិនអាចជួយសង្រ្គោះបានឡើយ បញ្ចប់កំណត់ត្រាលេងមិនចាញ់ជិត ២ឆ្នាំមកនេះ ក្រោមការបង្វឹករបស់លោក Luis Enrique។
តែយ៉ាងណា អេស្ប៉ាញនៅតែបន្តឈរនៅកំពូលតារាងនៃ A4 ដដែលដោយមាន ៧ពិន្ទុនាំមុខក្រុមលេខ២ អាល្លឹម៉ង់ដែលមាន ៦ពិន្ទុស្មើនឹងអ៊ុយក្រែន និងស្វីសឈរបាតតារាងមានតែ ២ពិន្ទុប៉ុណ្ណោះ ក្រោយឆ្លងកាត់ ៤ប្រកួតដូចៗគ្នា៕