(ភ្នំពេញ)៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ICT ដែលមាន Cellcard, Ezecom និង Wing មានកិត្តិយសទទួលបាន ពានរង្វាន់និយោជិកល្អជាងគេបំផុត ប្រចាំទ្វីបអាស៊ី ២០២០ (Asia’s Best Employer Brand awards 2020) នៅក្នុងព្រឹត្តិការណ៍ World HRD Congress នាពេលថ្មីៗនេះ។

គួររំលឹកផងដែរថា ព្រឹត្តិការណ៍ប្រគល់ពានរង្វាន់និយោជិក ប្រចាំទ្វីបអាស៊ីរបស់ World HRD Congress លើកទី១ ត្រូវបានប្រារព្ធធ្វើឡើង នៅក្នុងឆ្នាំ២០១០។ ប៉ុន្តែ ដោយឡែក សម្រាប់កម្មវិធីប្រគល់ពានរង្វាន់នាឆ្នាំនេះវិញ គឺត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញ ដោយសារតែមានការរឹតត្បិត ដែលបណ្តាលមកពីផលប៉ះពាល់ នៃជំងឺរាត្បាតកូវីដ១៩។

World HRD Congress គឺជាអង្គការឯករាជ្យ មិនសំដៅប្រាក់ចំណេញ ដែលមានគោលបំណងជួយធ្វើឲ្យ «ការងារ និងជីវិតការងារ កាន់តែមានភាពប្រសើរឡើង»។

ការទទួលបាននូវពានរង្វាន់ ដ៏មានកិត្យានុភាពទាំងនេះ គឺជាសក្ខីភាពដែលបញ្ជាក់ឲ្យឃើញច្បាស់ នូវចក្ខុវិស័យរបស់អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប សម្រាប់ឌីជីថលនីយកម្មកម្ពុជា។

បន្ទាប់ពីការប្រកាស នូវការទទួលពានរង្វាន់ទាំងបួននេះ អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា «ខ្ញុំសូមចូលរួមអបអរសាទរ ដល់ថ្នាក់ដឹកនាំទាំងអស់ នៅក្នុងក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់យើង ចំពោះការបំពេញជាគម្រូដ៏ល្អ ប្រកបដោយភាពខ្លាំង រឹងមាំ និងមានគំនិតច្នៃប្រឌិតខ្ពស់ នៅក្នុងអំឡុងពេលនេះ»

អ្នកឧកញ៉ាបន្ដថា បើទោះបីជាមានការរីករាលដាល នៃជំងឺរាតត្បាតយ៉ាងណាក៏ដោយ យើងទាំងអស់គ្នានៅតែរក្សាគោលជំហរយ៉ាងរឹងមាំ ក្នុងការសម្រេច ឲ្យបាននូវចក្ខុវិស័យតែមួយរបស់យើង ដែលជាការរួបរួមគ្នាជាធ្លុងមួយ ពោលគឺមិនត្រឹមតែបង្រួបបង្រួមផ្នែកប្រតិបត្តិការ និងផែនការហេដ្ឋារចនាសម្ព័ន្ធ របស់យើងប៉ុណ្ណោះទេ តែថែមទាំងរួបរួមសមាជិកនៅក្នុងក្រុម ស្របពេលដែលយើងកំពុងធ្វើការគាំទ្រគ្នាទៅវិញទៅមក ក៏ដូចជាខិតខំពង្រឹងនូវការផ្តល់សេវាកម្ម របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ជូនដល់ប្រជាជនកម្ពុជាផងដែរ។

សព្វថ្ងៃនេះ បងប្អូនពលរដ្ឋខ្មែរជាង ៧០% កំពុងចូលរួមប្រើប្រាស់ និងធ្វើប្រតិបត្តិការជាមួយផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។ ក្នុងនាមជាក្រុមហ៊ុន ដែលមានកម្មសិទ្ធទាំងស្រុងជាជនជាតិខ្មែរ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នឹងធានាឲ្យបានថា ខ្លួននឹងយកចិត្តទុកដាក់បម្រើអតិថិជនជាធំ ពោលគឺយកចិត្តទុកដាក់បម្រើអតិថិជន ទាំងនៅតាមទីក្រុង និងតំបន់ដាច់ស្រយាល ទាំងអ្នកធូរធារ និងអ្នកខ្សត់ខ្សោយ រួមទាំងមនុស្សគ្រប់វ័យផងដែរ។

អ្នកឧកញ៉ា គិត ម៉េង បានបន្ថែមឲ្យដឹងទៀតថា «យើងអាចប្រមូលផ្តុំនូវកម្លាំងក្រុមការងាររបស់យើង ដើម្បីឈានទៅសម្រេចលទ្ធផល បានហួសពីការរំពឹងទុក តាមរយៈការផ្តល់ជូននូវសេវាកម្មប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ការបង្កើតផលិតផលថ្មីៗ និងការស្វែងរកនូវមធ្យោបាយថ្មីៗ ដើម្បីគាំទ្រដល់អតិថិជន ក៏ដូចជាជួយ ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ពីព្រោះពួកយើងយកចិត្តទុកដាក់ និងយល់នូវទុក្ខលំបាកដែលមនុស្សជាច្រើនគ្នា កំពុងប្រឈមជាមួយ ក្នុងពេលបច្ចុប្បន្ននេះ»

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រួមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធ Cellcard, Ezecom និង Wing ពិតជាមានមោទនភាពបំផុត ដែលបានបម្រើពលរដ្ឋខ្មែរ និងក្លាយជាផ្នែកមួយ នៃការជួយប្រទេសកម្ពុជា ឲ្យងើបឡើងវិញផងដែរ៕