(ភ្នំពេញ)៖ ជាផ្នែកមួយនៃការឆ្លើយតបចំពោះគ្រោះទឹកជំនន់នៅទូទាំងប្រទេស ក្រុមហ៊ុនសែលកាត (Cellcard) ចូលរួមគាំទ្រដល់អតិថិជនរបស់ខ្លួន តាមរយៈការផ្តល់ជូននូវការតេចេញ និងការប្រើប្រាស់ទិន្នន័យដោយឥតគិតថ្លៃ ដល់អតិជនគ្រប់គ្នាទាំងអស់ ដែលកំពុងទទួលរងនូវផលប៉ះពាល់ដោយសារទឹកជំនន់ចំនួន ១៧រាជធានី-ខេត្ត។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានឱ្យដឹងថា បានសម្រេចចាត់វិធានការឆ្លើយតបភ្លាមៗកាលពីរាត្រីម្សិលមិញនេះ ដោយសារតែស្ថានភាពទឹកជំនន់ប្រែកាន់តែអាក្រក់ទៅៗ នៅទូទាំងប្រទេសកម្ពុជា ពោលគឺកំពុងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពពលរដ្ឋនៅក្នុងរាជធានី-ខេត្តចំនួន១៧។

លោក វ៉ាតសុន បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ក្រុមហ៊ុនសែលកាត ដែលជាប្រតិបត្តិករជាទីមោទនរបស់ខ្មែរតែមួយគត់ នឹងនៅរួមសុខទុក្ខជាមួយបងប្អូនពលរដ្ឋខ្មែរជានិច្ច ជាពិសេសនៅក្នុងអំឡុងពេលដ៏ពិបាកបែបនេះ។ នេះគឺជាពេលវេលាដ៏លំបាកបំផុតមួយ ដោយយើងត្រូវប្រឈមនឹងគ្រោះទឹកជំនន់ក្នុងអំឡុងពេលនៃជំងឺរាតត្បាត ដែលធ្វើឱ្យសុវត្ថិភាពនៃការជួយសង្គ្រោះនិងការស្តារនីតិសម្បទា កាន់តែមានការលំបាកឡើង»

ចាប់ពីថ្ងៃទី១៣ តុលានេះតទៅ ក្រុមហ៊ុនសែលកាតនឹងផ្តល់ជូនការហៅចេញក្នុងប្រព័ន្ធ ហើយយើងក៏នឹងផ្តល់ជូន នូវទិន្នន័យចំនួន 500MB ដល់អតិថិជនដែលកំពុងទទួលរងផលប៉ះពាល់ ដើម្បីជួយពួកគាត់ក្នុងការប្រាស្រ័យទាក់ទងផងដែរ។

លោកបានបន្តថា ដើម្បីទទួលបាននូវការតេចេញ និងទិន្នន័យដោយឥតគិតថ្លៃនេះ អតិថិជនគ្រាន់តែចុចលេខ១២៧០ គឺជាការស្រេច។ ការតេចេញដោយឥតគិតថ្លៃនឹងបន្តរហូតដល់មានការជូនដំណឹងនាពេលក្រោយ។ អតិថិជនអាចប្រើប្រាស់កញ្ចប់ទិន្នន័យនេះ បានរហូតដល់ទៅមួយសប្តាហ៍ ហើយពួកគាត់ក៏អាចស្នើសុំជាថ្មី ដោយគ្រាន់តែចុច១២៧០ រៀងរាល់សប្តាហ៍ ដើម្បីទទួលបានការផ្តល់ជូននេះ។

រាជធានី-ខេត្តចំនួន១៧ ដែលទទួលរងផលប៉ះពាល់ ដោយគិតត្រឹមថ្ងៃទី ១៣ ខែតុលា នេះរួមមានទី១៖ ខេត្តពោធិ៍សាត់, ទី២៖ ខេត្តបន្ទាយមានជ័យ, ទី៣៖ រាជធានីភ្នំពេញ, ទី៤៖ ខេត្តបាត់ដំបង, ទី៥៖ ខេត្តស្វាយរៀង, ទី៦៖ ខេត្តឧត្តរមានជ័យ, ទី៧៖ ខេត្តសៀមរាប, ទី៨៖ ខេត្តតាកែវ, ទី៩៖ ខេត្តកំពង់ស្ពឺ, ទី១០៖ ខេត្តមណ្ឌលគីរី, ទី១១៖ ខេត្តព្រះវិហារ, ទី១២៖ ខេត្តកោះកុង, ទី១៣៖ ខេត្តកំពង់ឆ្នាំង, ទី១៤៖ ខេត្តព្រះវិហារ, ទី១៥៖ ខេត្តកណ្តាល, ទី១៦៖ ខេត្តស្ទឹងត្រែង និងទី១៧៖ ខេត្តប៉ៃលិន។ ដូច្នេះ អតិថិជនសែលកាតទាំងអស់ដែលឋិតនៅក្នុងតំបន់ទាំងនេះ សុទ្ធតែអាចទទួលបាននូវការផ្តល់ជូននេះ។

ក្រៅពីការផ្តល់ជូននូវការតេចេញ និងទិន្នន័យដោយឥតគិតថ្លៃ ក្រុមហ៊ុនសែលកាតក្នុងថ្ងៃនេះ ក៏បានចាប់ផ្តើមយុទ្ធនាការរៃអង្គាសថវិកា ដែលជាគម្រោងសហការបង្កើតបទចម្រៀងដ៏អស្ចារ្យ ជាមួយតារាចម្រៀងដែលកំពុងមានប្រជាប្រិយ និងពេញនិយមបំផុតនៅកម្ពុជា ចំនួន ៨រូបផងដែរ។

បទចម្រៀងជាវីដេអូនេះនឹងចាក់ផ្សាយនៅតាមស្ថានីយ៍ទូរទស្សន៍ធំៗនារាត្រីនេះ ហើយអតិថិជនក៏អាចទាញយកបទចម្រៀងមកធ្វើជា Call Tune និងរីករាយជាមួយនឹងបទចម្រៀងជាវីដេអូទាំងមូល ដោយប្រើសេវាកម្ម Music Streaming របស់សែលកាត នៅក្នុង Cellcard App។ រាល់ថវិកាទាំងអស់ដែលបានមកពីការដោនឡូដ និងការភ្ជាប់សេវាកម្ម នឹងត្រូវផ្តល់ជូនដោយផ្ទាល់ទៅកាន់កាកបាទក្រហមកម្ពុជា ដើម្បីចូលរួមគាំទ្រដល់កិច្ចប្រឹងប្រែងផ្តល់ជំនួយរបស់អង្គការនេះ។

ក្រុមហ៊ុនសែលកាត ដែលជាប្រតិបត្តិករជាទីមោទនបំផុតរបស់ខ្មែរ កំពុងចាត់វិធានការជាបន្ទាន់ ដើម្បីផ្តល់ការគាំទ្រដល់អតិថិជនរបស់ខ្លួន នៅតាមតំបន់ដែលកំពុងរងគ្រោះដោយទឹកជំនន់។

លោក វ៉ាតសុន បានគូសបញ្ជាក់បន្ថែមថា៖ «ក្រុមហ៊ុនសែលកាត កំពុងប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាព ដើម្បីជួយដល់ជនរងគ្រោះទាំងនោះនៅក្នុងគ្រាដ៏លំបាកនេះ ព្រោះវាពិតជាសំខាន់ណាស់ សម្រាប់អ្នករាល់គ្នា ក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញ។ក្រុមវិស្វកររបស់សែលកាត កំពុងតែមមាញឹកក្នុងការរក្សាទីតាំងបណ្តាញផ្តល់សេវាឱ្យដំណើរការដូចប្រក្រតី។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនសែលកាត ក៏ជម្រុញឱ្យអ្នករាល់គ្នាយកចិត្តទុកដាក់ និងរក្សាសុខសុវត្ថិភាពឱ្យបានល្អ នៅក្នុងអំឡុងពេលនេះផងដែរ»

ក្រោមការចង្អុលបង្ហាញរបស់លោកប្រធានអ្នកឧកញ៉ា គិត ម៉េង យើងនឹងប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយដល់អតិថិជនដែលកំពុងជួបការលំបាក ក៏ដូចជាផ្តោតការយកចិត្តទុកដាក់ក្នុងការប្រឹងប្រែងជួយស្តារសហគមន៍ ដែលកំពុងរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ និងជំងឺរាតត្បាតផងដែរ។

លោកអ្នកអាចទំនាក់ទំនងមកកាន់ភ្នាក់ងារបម្រើសេវារបស់សែលកាត តាមរយៈលេខ៖ ០១២ ៨១២ ៨១២ (និងលេខ៨១២ សម្រាប់អតិថិជនរបស់សែលកាត)៕