(កូរ៉េ)៖ អតីតសមាជិក BIGBANG លោក Seungri នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានបង្ហាញខ្លួនជាលើកទី២ ក្នុងសវនាការ ដោយក្នុងនោះលោកបានច្រានចោលនូវបទចោទប្រកាន់មកលើរូបលោកទាំងអស់ ក្នុងនោះរួមមានករណី លួចថតវីដេអូខុសច្បាប់ និងចែកចាយរូបភាពអាសអាភាស។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Koreaboo នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។

ជាការកត់សម្គាល់ សវនាការលើកទី១ គឺត្រូវបានធ្វើឡើងនៅថ្ងៃ១៦ ខែកញ្ញា ឆ្នាំ២០២០ ដែលកាលណោះ អតីតតារាចម្រៀង Seungri បានធ្វើការបដិសេធការចោទប្រកាន់មកលើរូបលោកម្តងរួចហើយ ក្នុងនោះរួមមានបទ កឹបកេងប្រាក់, ពេស្យាចារ និងចែកចាយវីដេអូខុសច្បាប់។ ចាប់តាំងពីពេលនោះមក តុលាការបានធ្វើការប្រមូលភស្តុតាងដោយផ្អែកទៅលើសាក្សី និងរៀបចាំឯកសារសម្រាប់សវនាការជាថ្មី។

យ៉ាងណាមិញ នៅក្នុងសវនាការលើកទី២ ដែលធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា នេះអតីតតារាចម្រៀង Seungri នៅតែប្រកាន់ជំហររបស់លោក មិនទទួលស្គាល់បទចោទប្រកាន់ទាំងអស់។ នៅពេលត្រូវបានសួរថា តើលោកបានទទួលរូបភាពទាំងនោះដោយវិធីណា?, Seungri បានពន្យល់ថា វាត្រូវបានផ្ញើមកឲ្យលោកតាមរយៈ WeChat ពីបុគ្គលដែលធ្វើការនៅក្លឹបកំសាន្តមួយកន្លែងក្នុងប្រទេសសិង្ហបុរី។ យ៉ាងណាមិញ លោកបានសារភាពថា បន្ទាប់មករូបភាពទាំងនោះត្រូវបានផ្ញើបន្តទៅកាន់ក្រុមជជែកកំសាន្តមួយដែលមាន លោក Jung Joon Young និង លោក Kim In Cheol នៅក្នុងនោះដែរ។

គួរជម្រាបថា សវនាការបន្តទៀត នឹងត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ខណៈសវនាការដែលត្រូវបានបញ្ចប់នៅថ្ងៃទី១៤ ខែតុលា នេះ លោក Seungri បានបដិសេដបទចោទប្រកាន់មកលើរូបលោកទាំងអស់៕