(ប៊ុមប៉ៃ)៖ ក្រុមផលិតករលំដាប់កំពូលរបស់ប៊ូលីវូដជាច្រើននាក់ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងស្ថាន័យទូរទស្សន៍ចំនួន២ ដែលបានលាបពណ៌ដល់វិស័យឧស្សាហកម្មភាពយន្តថា មានសិល្បករប្រើប្រាស់សារធាតុញៀន និងមានបទល្មើសកើតឡើង ជុំវិញការទទួលមរណភាពរបស់តារាភាពយន្តឥណ្ឌាល្បីឈ្មោះ Sushant Singh Rajput។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។

រំឭកទៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ តារាភាពយន្តឥណ្ឌាដែលជាតួឯកប្រុសក្នុងរឿង «ជីវិតស្ត្រីមេផ្ទះ» លោក Sushant Singh Rajput វ័យ៣៤ឆ្នាំ ត្រូវបានប្រទះឃើញស្លាប់នៅផ្ទះរបស់លោក ស្ថិតក្នុងទីក្រុងប៊ុមប៉ៃ ដែលត្រូវបានសន្និដ្ឋានថា ជាការធ្វើអត្តឃាត។ ទន្ទឹមនឹងគ្នានេះ មានប្រព័ន្ធផ្សព្វផ្សាយជាច្រើន បង្ហាញសាកសពរបស់លោកតាមកញ្ចក់ទូរទស្សន៍ និងបានវិភាគពីប្រវត្តិនៃការប្រើប្រាស់ថ្នាំ របស់តារាសម្តែងរូបនេះ។

ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយក៏បានកំណត់ទៅលើតារាស្រី Rhea Chakraborty វ័យ២៨ឆ្នាំ ជាមិត្តស្រីរបស់ Sushant Singh Rajput ដែលត្រូវបានប៉ូលីសឃុំខ្លួន ថាបានប្រើប្រាស់សារធាតុញៀនផងដែរ។

យ៉ាងណាមិញ នៅក្នុងពាក្យបណ្តឹងដែលក្រុមផលិតករ បានដាក់ទៅកាន់តុលារការជាន់ខ្ពស់ទីក្រុងដេលី គឺមានផលិតកម្មប៊ូលីវូដជាង៣០ និងស្ថាប័នឧស្សាហកម្មចំនួន៤ ដែលជាដើមបណ្តឹង ជុំវិញរឿងក្តីទាក់ទងនឹងការស្លាប់របស់លោក Rajput។ ក្នុងពាក្យបណ្តឹងនោះ បានសង្កត់ធ្ងន់ថា «ភាពឯកជនរបស់សមាជិកនៃសិល្បករប៊ូលីវូដ កំពុងត្រូវបានលុកលុយ និងកេរ្តិ៍ឈ្មោះរបស់ពួកគេ គឺត្រូវបានបំផ្លាញ ដោយការលាបពណ៌មកលើវិស័យប៊ូលីវូដ ថាមានឧក្រិដ្ឋជន, ការប្រើប្រាស់គ្រឿនញៀន...»។

គួរជម្រាបថា នៅក្នុងពាក្យបណ្តឹងដែលក្រុមផលិតករ ដាក់ទៅកាន់តុលាការជាន់ខ្ពស់ទីក្រុងដេលីនោះ គឺមានឈ្មោះប៉ុស្តិ៍ទូរទស្សន៍ចំនួន២ ក្នុងនោះរួមមាន ទូរទស្សន៍សាធារណៈរដ្ឋ រួមទាំងនាយកប្រតិបត្តិរបស់ទូរទស្សន៍នោះ គឺលោក Arnab Goswami និង ប៉ុស្តិ៍ Times Now ដែលសុទ្ធសឹងតែជាប្រព័ន្ធផ្សព្វផ្សាយរបស់ឥណ្ឌា៕