(ភ្នំពេញ)៖ ដើម្បីលើកទឹកចិត្តដល់បងប្អូនកងទ័ព ដែលខិតខំទាំងយប់-ថ្ងៃ ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋខ្មែរ នៅតាមបណ្តាខេត្តមួយចំនួន ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនោះ នៅមុននេះបន្តិច ផលិតកម្ម Galaxy Navatra បានបញ្ចេញនូវចម្រៀងមួយបទដ៏មានអត្ថន័យ បង្ហាញពីទឹកចិត្តកងទ័ពក្នុងការលះបង់អាយុជីវិត ដើម្បីសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះ ខណៈបទថ្មីនេះ កំពុងទទួលបានការពេញចិត្តជាខ្លាំងពីមហាជន។

ពិតណាស់ បទចម្រៀងថ្មីនេះ គឺមានចំណងជើងថា «ទឹកចិត្តកងទ័ព» ច្រៀងដោយតារាវ័យក្មេង តន់ ច័ន្ទសីម៉ា។ អត្ថន័យចម្រៀងមួយនេះ គឺបានបង្ហាញពីស្ថានភាពជាក់ស្តែង ដែលប្រជាពលរដ្ឋនៅតាមខេត្តមួយចំនួនកំពុងប្រឈម និងរងគ្រោះដោយសារជំនន់ទឹកភ្លៀង បង្កឡើងដោយព្យុះបន្តបន្ទាប់កន្លងមកនេះ ដែលបាននិងកំពុងវាយលុក នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា បង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិរដ្ឋ-ឯកជនមួយចំនួនផងដែរ។

ឆ្លើយតបនឹងស្ថានភាពនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ជំរុញឱ្យក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងជំរុញចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំងក្នុងការចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋ តាមភូមិសាស្ត្រ ដែលទទួលខុសត្រូវ ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវការលំបាក និងផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនានា។

សូមប្រិយមិត្តរីករាយស្តាប់ចម្រៀងដូចខាងក្រោម៖