(អឺរ៉ុប)៖ នាថ្ងៃអង្គារសប្តាហ៍នេះ អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានសម្រេចឲ្យសហភាពអឺរ៉ុប (EU) អាចដំឡើងពន្ធកម្រិតធ្ងន់ទៅលើ ទំនិញជិត៤ពាន់លានដុល្លារ ដែលនាំចូលមកពីសហរដ្ឋអាមេរិក នៅក្នុងជម្លោះអូសបន្លាយមួយដែលពាក់ព័ន្ធនឹងការផ្តល់ជំនួយហិរញ្ញវត្ថុ ដោយខុសច្បាប់ពីសំណាក់រដ្ឋាភិបាលអាមេរិកឲ្យទៅក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Financial Times នៅថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០។

ក្រោយទទួលបានការអនុញ្ញាតពី WTO នាពេលនេះ EU នឹងត្រូវកំណត់ពេលវេលាដែលត្រូវអនុវត្តការដំឡើងពន្ធលើទំនិញរបស់អាមេរិក។ ដោយឡែក សិទ្ធិដំឡើងពន្ធសងសឹកទំហំ៣.៩៩ពាន់លានដុល្លាររបស់ EU នេះ គឺតិចជាងសិទ្ធិដំឡើងពន្ធទំហំ៧.៥ពាន់លានដុល្លារ ដែលអាមេរិកទទួលបានក្នុងសំណុំរឿងដូចគ្នា កាលពីឆ្នាំមុនប្រឆាំងនឹងក្រុមហ៊ុនផលិតយន្តហោះ Airbus របស់អឺរ៉ុប ហើយវាក៏តិចជាងការស្នើសុំដល់ទៅ ៨.៥៨ពាន់លានដុល្លាររបស់ EU ផ្ទាល់ផងដែរ។ ប៉ុន្តែ EU បានកត់សម្គាល់ឃើញផលិតផលអាមេរិកជាច្រើន ដែលអាចត្រូវរងការដំឡើងពន្ធ ។

ឧត្តមស្នងការពាណិជ្ជកម្មរបស់ EU លោក វ៉ាល់ឌីស ដូមប្រូវស្គីស (Valdis Dombrovskis) បានលើកឡើងថា ការសម្រេចខាងលើរបស់ EU គួរតែអាចចាត់ទុកថាជាការផ្តល់សញ្ញាមួយ សម្រាប់ឲ្យភាគីទាំងសងខាងងាកមកស្វែងរកដោះស្រាយបញ្ហារួមគ្នា ហើយព្រមព្រៀងគ្នាលើច្បាប់ស្តីពីការផ្តល់ហិរញ្ញវត្ថុដល់ក្រុមហ៊ុនផលិតយន្តហោះ។ EU បានបញ្ជាក់ថា អ្វីដែលខ្លួនចង់បានគឺដំណោះស្រាយតាមរយៈការចរចារវាងភាគីទាំងពីរ តែបើពុំនោះទេ EU នឹងត្រូវបង្ខំឲ្យការពារផលប្រយោជន៍របស់ខ្លួន ហើយឆ្លើយតបទៅវិញតាមមធ្យោបាយសមស្របប៉ុណ្ណោះ។

គួរជម្រាបថា វិវាទរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជុំវិញបញ្ហាខាងលើ បានចាប់ផ្តើមឡើងដំបូងកាលពីឆ្នាំ២០០៤ ជាឆ្នាំក្រោយពេលដែល Airbus បានវ៉ាដាច់គូប្រជែងអាមេរិករបស់ខ្លួនគឺ Boeing ជាលើកទីមួយ បើគិតអំពីចំនួនយន្តហោះប្រគល់ឲ្យដល់ដៃអតិថិជន។

ពេលនោះបន្ទាប់ពីសម្រេចបានកិច្ចព្រមព្រៀងជាមួយ EU កាលពីឆ្នាំ១៩៩២ សហរដ្ឋអាមេរិកបានបើកសំណុំរឿងមួយប្រឆាំងនឹងការផ្តល់ហិរញ្ញវត្ថុពីសំណាក់ EU ឲ្យទៅ Airbus ដែលកើតឡើងតាំងពីទសវត្សរ៍ឆ្នាំ១៩៧០មកម្ល៉េះ ដោយដំបូងឡើយខាងអាមេរិកអះអាងថា ថវិកា២២ពាន់លានដុល្លារត្រូវបានផ្តល់ឲ្យដោយមិនស្របច្បាប់ទៅកាន់ Airbus។ ប៉ុន្មានខែក្រោយមក EU ក៏បានចេញសំណុំរឿងប្រឆាំងអាមេរិកវិញ ដោយពីដំបូងឡើយអះអាងថា ជំនួយហិរញ្ញវត្ថុ២៣ពាន់លានដុល្លារត្រូវបានផ្តល់ឲ្យ Boeing ដោយខុសច្បាប់៕