(បរទេស)៖ អ្នកប្រហែលជាដឹងហើយថា ព្រះអាទិត្យនិងភពទាំង៨នៅក្នុងប្រព័ន្ធសូឡាយើងសុទ្ធតែមានរាងមូល។ តើវាមកពីមូលហេតុទៅ? ចម្លើយគឺដោយសារតែកម្លាំងទំនាញដ៏ខ្លាំងក្លានៃម៉ាសរបស់វត្ថុធំៗទាំងនេះ ដែលស្រូបទាញរូបធាតុទាំងអស់របស់ពួកវា មករកស្នូលដែលជាចំណុចកណ្តាល។ ដោយឡែក មានវត្ថុតូចៗជាច្រើននៅក្នុងប្រព័ន្ធព្រះអាទិត្យយើង ដែលមិនមានរាងមូល ព្រោះកម្លាំងទំនាញមិនខ្លាំងគ្រប់គ្រាន់។

ឧទាហរណ៍ចូរក្រឡេកមើលកម្លាំង Escape velocity (កម្លាំងល្បឿនត្រូវការដើម្បីអាចចេញផុតពីដែនកម្លាំងទំនាញ) របស់វត្ថុអវកាសខុសៗគ្នា។ ដើម្បីរួចពីកម្លាំងទំនាញរបស់ផែនដី អ្នកត្រូវធ្វើដំណើរក្នុងល្បឿនប្រហែល១១គីឡូម៉ែត្រក្នុងមួយវិនាទី ឬប្រហែល៤០,០០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ដើម្បីសម្រេចល្បឿនដ៏លឿននេះបាន អ្នកត្រូវការគ្រាប់រ៉ុក្កែតធំៗបំផុត។ ផែនដីមានម៉ាសស្មើនឹង ៦គុណនឹង១០ស្វ័យគុណ២៤គីឡូក្រាម ដែលជាមួយម៉ាសនិងកម្លាំងទំនាញដ៏សម្បើមនេះ ភពរបស់យើងគឺមានរាងមូល។

យ៉ាងណាមិញ ដើម្បីចេញឲ្យផុតពីកម្លាំងទំនាញរបស់វត្ថុមួយទៀតគឺ អាចម៍ផ្កាយ Comet 67P អ្នកត្រូវការល្បឿនតែ១ម៉ែត្រក្នុងមួយវិនាទីប៉ុណ្ណោះ ពោលអ្នកអាចលោតបានលឿនជាងនេះទៅទៀត។ អាចម៍ផ្កាយនេះមានម៉ាសត្រឹម១០ស្វ័យគុណ២៣គីឡូក្រាម ដែលស្រាលនិងតូចជាងផែនដីដល់ទៅជិត១ទ្រីលានដង។ ដូច្នេះហើយវាមិនមូលទេ និងមានរាងចម្លែកខ្លាំងថែមទៀត។

គួរជម្រាបថា និយាយរួមទៅ នៅពេលដុំថ្មអវកាសមួយមានអង្កត់ផ្ចិតវែងខ្លាំងដូចជាខ្ទង់ពាន់គីឡូម៉ែត្រជាដើម ពោលគឺមានទំហំធំខ្លាំង នោះពួកវាភាគច្រើននឹងមានរាងមូល ដោយសារតែកម្លាំងទំនាញ។ តួយ៉ាងផែនដីមានអង្កត់ផ្ចិតប្រមាណ១២,៧០០គីឡូម៉ែត្រ ខណៈអង្កត់ផ្ចិតរបស់អាចម៍ផ្កាយ Comet 67P គឺត្រឹមតែ៤គីឡូម៉ែត្រប៉ុណ្ណោះ។ ក្រៅពីផ្កាយនិងភព ក៏មានភពមិនពេញលក្ខណៈ (Dwarf planet) ព្រះច័ន្ទ និងអាចម៍ផ្កាយ ដែលមានរាងមូលផងដែរ ឲ្យតែពួកវាមានទំហំធំខ្លាំងគ្រប់គ្រាន់៕