(ក្រុងម៉ូនិច)៖ លោក Hansi Flick គ្រូបង្វឹកដឺកនាំ Bayern Munich ជោគជ័យមួយរូបនៅតែជឿជាក់ថា លោក Joachim Low នៅតែជាគ្រូល្អក្នុងការដឹកនាំក្រុមជម្រើសជាតិឥន្រ្ទីដែកអាល្លឺម៉ង់បន្តទៀត បើទោះបីជាកំពុងរងសម្ពាធខ្លាំងក៏ដោយ។

តាមរយៈព័ត៌មានពីគេហទំព័រកីឡា Live Score បានចេញផ្សាយថា ដឹកនាំ ៥ប្រកួតសម្រាប់ឆ្នាំ២០២០ ទើបតែរកបានជ័យជម្នះ ១ប្រកួតប៉ុណ្ណោះ ក្រៅពីស្មើ ៤ដង និងជាក្រុមមួយដែលមិនអាចយកឈ្នះតួកគី និងស្វីស ដែលពួកគេធ្លាប់បំបាក់ពីមុនបានឡើយ។

កត្តាទាំងនេះដែលនាំឲ្យលោក Flick បានមើលឃើញថា «អាល្លឺម៉ង់នៅពុំទាន់មានខ្សែប្រយុទ្ធកណ្តាលច្បាស់លាស់នៅឡើយទេ មានតែ Serge Gnabry និង Timo Werner នៅខាងមុខដែលមិនអាចបំពេញតួនាទីតំបន់កណ្តាលបាន ដែលតួនាទីនេះពីមុន ត្រូវបានរាប់រងដោយអតីតខ្សែប្រយុទ្ធ Mario Klose»

គួររំលឹកផងថា បុរសសញ្ជាតិអាល្លឺម៉ង់ Hansi Flick ក៏ធ្លាប់ធ្វើជំនួយការរបស់លោក Low ផងដែរកាលអាល្លឺម៉ង់ឈ្នះពាន World Cup 2014 នៅប្រទេសប្រេស៊ីល មុនពេលផ្លាស់មកកាន់តំណែងជានាយកកីឡានៅ DFB ជាមួយនឹងការដឹកនាំ Bayern Munich ឈ្នះ ៣ពានក្នុង១រដូវកាលដ៏អស្ចារ្យថែមទៀតផង មុនបន្ថែមពានបើករដូវកាល ២ផ្សេងទៀតក្នុងឆ្នាំ២០២០ នេះដែរ៕